Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! ទិដ្ឋភាពមនុស្សម្នាផ្អើល​ទៅ​លេង​ទឹក មុន​ពេល​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ ចុះ​បិទ​រមណីដ្ឋាន​អន្លង់ជ្រៃ

នេះជារឿងមួយដ៏មិននឹកស្មាន និងពិតជាគួរឲ្យប្រឈមហានិភ័យខ្លាំងណាស់ ខណៈដែលអ្នកលេងហ្វេសប៊ុក បានចែករំលែកឲ្យឃើញមនុស្សម្នាទៅលេងស្រុកណើត ក្នុងឱកាសពិធីបុណ្យភ្ជុំធំរយៈពេល ​៣ ថ្ងៃ ក្នុងនោះជាពិសេសក្មេងៗវ័យជំទង់ៗប្រុសស្រី បាននាំគ្នាទៅលេងកន្លែងលេងទឹក នៅតាមតំបន់កម្សាន្តជាច្រើន ឡើងភ្លូកទឹកភ្លូកដីយ៉ាងសប្បាយ ដោយគ្មានខ្លាចឆ្លងជំងឺកូវីដ-១៩ សោះឡើយ។ ជាក់ស្តែង នៅរមណីដ្ឋានអន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៥ និងទី៦ ខែតុលា ឆ្នាំ២០២១ គឺថាឡើងណែនតាន់តាប់តែម្តង។

តែទោះយ៉ាងណា ក្រោយទិដ្ឋភាពដ៏ហួសចិត្តនេះ ត្រូវបានចែករំលែកបង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គម គឺនៅពេលនោះ អាជ្ញាធរខេត្តត្បូងឃ្មុំ បានសម្រេចបិទមិនឲ្យភ្ញៀវទេសចរ ចូលទៅលេងទឹកនៅទំនប់បង្ហៀរទឹកអន្លង់ជ្រៃនោះបន្ដទៀត ដើម្បីកាត់បន្ថយចំនួននៃការប្រមូលផ្ដុំនោះ ដែលអាចកើតមានហានិភ័យបានគ្រប់ពេលវេលា ពិសេសការឆ្លងរីករាលដាលជំងឺកូវីដ១៩។

នេះបើតាមឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១​ រូបភាពដែលត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គម ឃើញមានមនុស្សយ៉ាងច្រើនកុះករនោះ គឺស្ថិតនៅទំនប់បង្ហៀរទឹកអន្លង់ជ្រៃ ពិតប្រាកដមែន ហើយស្ថានភាពនោះ គឺនៅថ្ងៃទី០៥ ខែតុលា ម្សិលមិញ។

ឯកឧត្តមបន្ថែមថា ដោយឃើញស្ថានភាពបែបនេះ កម្លាំងអាជ្ញាធរមានសមត្ថកិច្ច សហការជាមួយមន្ដ្រីសុខាភិបាល ក៏បានចែកនូវម៉ាស់ អាល់កុល ព្រមទាំងផ្សព្វផ្សាយពីវិធានសុខាភិបាលជាបន្ដបន្ទាប់ ប៉ុន្ដែភ្ញៀវទេសចរទាំងអស់នោះ មិនព្រមសហការនោះឡើយ។ ហេតុនេះ អាជ្ញាធរបានសម្រេចបិទមិនឲ្យភ្ញៀវទេសចរ ចូលទៅលេងទឹកនៅទំនប់បង្ហៀរនោះបន្ដទៀតឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×