ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា( ក.អ.ក )សូមអញ្ជើញអ្នកសារព័ត៌មានទាំងអស់ ចូលរួមក្នុងកិច្ចពិភាក្សា សារព័ត៌មានតាមប្រពន្ធ័ហ៊្សូម(Zoom Meeting) ស្តីពី «ការចុះបញ្ជីស្ថាប័ននិងអង្គការសារព័ត៌មាន» ដែលនឹងត្រូវរៀបចំធ្វើទ្បើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ចាប់ផ្តើមពី ម៉ោង៨និង៣០នាទីព្រឹក ដល់ម៉ោង១១និង៣០នាទីថ្ងៃត្រង់។

ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា សូមជម្រាបថា ដោយមានសំណូមពរជាច្រើនពីម្ចាស់ស្ថាប័នសារព័ត៌មានដែលស្នើឲ្យ ក.អ.ក រៀបចំកិច្ចពិភាក្សាសារព័ត៌មានដូចប្រធានបទខាងលើដើម្បីបានស្វែងយល់ឲ្យ កាន់តែច្បាស់អំពីគោលបំណងនិតិវិធី និងសារប្រយោជន៍នៃការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក និង ពាណិជ្ជនាមសម្រាប់អាជ្ញាប័ណ្ណលើវិស័យសារព័ត៌មាន និងសោតទស្សន៍ រួមទាំងការចុះបញ្ជីនៅក្រសួង មហាផ្ទៃសម្រាប់អង្គការ សមាគម និងក្លិបសារព័ត៌មាននៅកម្ពុជា ។
ក.អ.ក យល់ឃើញថា កិច្ចពិភាក្សាខាងលើនេះមានសារសំខាន់ណាស់សម្រាប់ម្ចាស់ស្ថាប័នសារ ព័ត៌មានដើម្បីស្វែងយល់អំពីគោលបំណងនិតិវិធី និងសារប្រយោជន៍នៃការចុះបញ្ជីពាណិជ្ជកម្ម ក៏ដូចជាការចុះបញ្ជីអង្គការ សមាគម ក្លិបសារព័ត៌មាន នៅក្រសួងមហាផ្ទៃ។
ទន្ទឹមនឹងនោះកិច្ចពិភាក្សានេះក៏នឹងបើកឱកាសឲ្យម្ចាស់ស្ថាប័នសារព័ត៌មាន ចូលរួមពិភាក្សាសួរដេញដោល នូវអ្វីដែលមិនទាន់យល់ រួមទាំងលើក សំណូមពរផ្សេងៗ ដើម្បីឲ្យស្ថាប័នពាក់ព័ន្ធដោះស្រាយផងដែរ។
សូមជម្រាបជូនថា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មាន នឹងអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចពិភាក្សានេះ៕ រក្សាសិទ្ធិដោយ ៖ កូលាប


