ភ្នំពេញ ៖ ក្មេងស្រីអាយុ ៥ឆ្នាំម្នាក់ត្រូវរថយន្តដឹកស៊ីម៉ងត៍ រ៉ឺយ៉ែថយក្រោយកិ.នបែកក្បាលស្លាប់ភ្លាមៗ ខណៈពេលកំពុងតែជិះកង់លេង ។
ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៥០នាទី រសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កុមារីរងគ្រោះខាងលើមានឈ្មោះ ឈឹម ម៉ៃហ័រ អាយុ៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលជាមួយឪពុកម្តាយ នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិចេកធ្លក ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ឪពុកម្ដាយរបស់ក្មេងស្រីខាងលើនេះ បានជិះរថយន្តតាក់ស៊ីមួយគ្រឿង ត្រឡប់មកពីស្រុកកំណើតនៅឯខេត្តព្រៃវែង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរើអីវ៉ាន់ចុះពីលើរថយន្តតាក់ស៊ី ក្នុងនោះក៏មានកង់សម្រាប់ក្មេងជិះមួយគ្រឿង ខណៈពេលដែលឪពុករបស់ក្មេងស្រី បានទម្លាក់កង់ចុះមកដល់ដី ក្មេងស្រីរងគ្រោះខាងលើ បានយក កង់ដែលឪពុកទម្លាក់ពីលើរថយន្តតាក់ស៊ីជិះលេង ស្របពេលនោះក៏មានរថយន្តដឹកស៊ីម៉ងត៍មួយគ្រឿង ពាក់ផ្លាកលេខកំពង់ធំ 3A-1638 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានថយរថយន្តចំក្មេង បណ្ដាលឲ្យបែ.កក្បាលស្លា.ប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្ដង បន្ទាប់ពីឃើញហេតុការណ៍ដូច្នេះ អ្នកបើកបររថយន្តបង្កខាងលើ បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ខណ្ឌសែនសុខ សហការជាមួយ នឹងកម្លាំងចរាចរណ៍ជំនាញក្រុង បានចុះមកធ្វើការវាស់វែង នៅកន្លែងកើតហេតុ និងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នា តាមផ្លូវច្បាប់នៅពេលក្រោយ។
ចំណែកសពកុមារីខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើតឯខេត្តព្រៃវែង៕ រក្សាសិទ្ធិដោយ ៖ សួង សាម






