ភ្នំពេញ ៖ ផលិតករភាពយន្តដ៏ល្បីល្បាញនាទសវត្សន៍ឆ្នាំ៦០និង៧០លោក លី ប៊ុនយីម បានទទួលមរណភាពហើយកាលពីថ្ងៃអង្គារទី៥ ខែតុលា ឆ្នាំ២០២១ ដោយសារជរាពាធ និងការឆ្លងជំងឺកូវីដ១៩ ក្នុងជន្មាយុ៨៧។

យ៉ាងណា បើទោះបីជាលោកបានទទួលមរណភាពក៏ពិតមែន ប៉ុន្តែស្នាដៃភាពយន្តរបស់លោកចំនួន៥រឿង ដែលល្បីល្បាញបំផុតនោះ នៅតែធ្វើឲ្យទស្សនិកជនចងចាំមិនភ្លេចឡើយ។
បើយោងតាមការបង្ហោះរបស់ក្រុមព្រះសុរិយាដែលជាក្រុមស្រាវជ្រាវ និងចងក្រងភាពឯកសារភាពយន្ត ពីជំនាន់ដើមនោះបានឲ្យដឹងថា ទោះបីរយៈពេលកន្លងទៅជាង៤០ឆ្នាំ ហើយក៏ពិតមែន តែមហាទស្សនិកជនខ្មែរ នៅតែចងចាំមិនភ្លេចនឹកឃើញជានិច្ច នូវវណ្ណកម្មភាពយន្តប្រាំរឿងស្នាដៃរបស់កំពូលផលិតករ លី ប៊ុនយីម កាលពីមុនពេលខ្មែរក្រហម ឡើងកាន់អំណាចនាថ្ងៃ១៧ មេសា ១៩៧៥។
វណ្ណកម្មភាពយន្តទាំងប្រាំនោះរួមមាន រឿង សព្វសិទ្ធិ , រឿង ពុទ្ធិសែននាងកង្រី , រឿង អដិ្ឋសុវណ្ណចន្ទកេសរ , រឿង សេះសមុទ្រ និងរឿង អនអើយស្រីអន។ ភាពយន្តទាំងប្រាំនេះសុទ្ធតែសម្តែងដោយកំពូលតារាភាពយន្តនៃកម្ពុជា គឺ លោក គង់ សំអឿន , លោកស្រី វីរៈ តារា និង កុមារា លី រតនៈដ៏គួរអោយស្រឡាញ់។
វណ្ណកម្មទាំងប្រាំនេះមានរសជាតិប្លែកៗ ពិសេសៗផ្សេងគ្នា ដែលធ្វើអោយមហាទស្សនិកជនខ្មែរដែលទៅទស្សនាជក់ចិត្តដិតអារម្មណ៍ និងស្ងើចសរសើរមិនដាច់ តាំងពីជំនាន់នោះរហូតដល់សព្វថ្ងៃ។
រឿង សព្វសិទ្ធិ គឺជាជំហានសាកល្បងដ៏សំខាន់នៃការផលិតភាពយន្តរបស់លោក លី ប៊ុនយីម។ លោក លី ប៊ុនយីម បានបង្កើតឆាកសិល្ប៍សាស្រ្តគួរអោយស្ងើចសរសើរ នៅខណះដែលភាពយន្តនៅប្រទេសជិតខាង និងភាពយន្តនៅបរទេសមួយចំនួន ពុំទាន់មានសមត្ថភាពធ្វើបែបនេះបាន ហើយភាពយន្តនេះបានធ្វើឲ្យតារាពីរដួងមានឈ្មោះល្បីល្បាញ ក្នុងឆាកភាពយន្តគឺតារាគង់ សំអឿន និង តារាស្រស់ស្អាតបែបអន្តរជាតិ វីរៈ តារា។

រឿង ពុទ្ធិសែននាងកង្រី ជាមហាវណ្ណកម្មកំពូលដែលធ្វើឲ្យកក្រើកឆាកជាតិ និងអន្តរជាតិដោយភាពយន្តនេះបានសម្រិតសម្រាំងគ្រប់ឈុតឆាក និងប្រើសិល្ប៍សាស្រ្តប្លែកៗអស្ចារ្យ ដូចឃើញជាក់ស្តែង តួយ៉ាងឈុតឆាក ហែកព្រះធរណីជាពីរ , សេះដើរលើពពក , ខ្វះភ្នែក , គ្រោងឆ្អឹងចេញពីដីជាដើម។
រឿង អដិ្ឋសុវណ្ណចន្ទកេសរ ជាវណ្ណកម្មយុទ្ធគុនដំបូងបង្អស់ នៃកម្ពុជាក្នុងភាពយន្តនេះតួឯកស្រីជានារីព្រៃភ្នំ ដែលចេះក្បាច់គុនកាប់ដាវយ៉ាងស្វាហាប់ គួរឲ្យអស្ចារ្យណាស់ ដែលធ្វើឲ្យផលិតករដទៃទៀតយកគំរូតាមលោក តួយ៉ាងដូចជារឿង នាងសុវណ្ណបញ្ចា , រឿង នាងនាគត្រាច់ចរ , រឿង បិសាចភ្នំសរជាដើម។

រឿង អនអើយស្រីអន ជាវណ្ណកម្មបែបរឿងព្រេងបុរាណខ្មែរ ទាក់ទងនិងទំនៀមទម្លាប់ពិធីមង្គលការខ្មែរ និងជីវភាពប្រជាជនខ្មែរសម័យបុរាណ។ វណ្ណកម្មមួយនេះ មានប្រជាប្រិយភាពណាស់ អង្រួនចិត្តមហាទស្សនិកជននៅទូទាំងប្រទេសឲ្យជក់ចិត្តឥតឧបមា។ ក្នុងប្រវត្តិសាស្រ្តភាពយន្ត រឿងអនអើយស្រីអននេះ បញ្ចាំងអស់រយះពេល៦ខែ ក្នុងប្រវត្តិសាស្រ្តភាពយន្តខ្មែរ ពុំមានភាពយន្តណាបញ្ចាំងបានយូរដល់ម្លឹងឡើយ។
រឿង សេះសមុទ្រ ជាវណ្ណកម្មកំពូលមួយដែលមហាជនទន្ទឹងរង់ចាំទស្សនា អស់រយៈពេលជាង១ឆ្នាំ ក្រោយពីបានឃើញការផ្សាយពាណិជ្ជកម្មភាពយន្តនេះរួចមក។
ទោះបីជាភាពយន្តពុំមានភ័ព្វវាសនាបង្ហោះកិត្យានុភាពខ្លួន ក្នុងរោងភាពយន្តមុនពេលខ្មែរក្រហមឡើង កាន់អំណាចក៏ពិតមែន តែឆាកផ្សាយពាណិជ្ជកម្មនោះ បានធ្វើអោយមហាជនរំជួយចិត្ត បើកភ្នែកធំៗ ជជក់មាត់សរសើរ និងចង់ទស្សនាដោយអន្ទសា ព្រោះមានឆាកអស្ចារ្យច្រើនណាស់ដូចជា សេះសមុទ្រហៅះលើអាកាស , ឈុតហែកទឹកសមុទ្រជាពីរជាដើម។
វណ្ណកម្មទាំងប្រាំនេះ ជាវណ្ណកម្មដែលមហាទស្សនិកជនខ្មែរមិនភ្លេចមិនបាន ហើយបានកត់ត្រានូវលក្ខណៈ ពិសេសៗជាច្រើនក្នុងទំព័រប្រវត្តិសាស្រ្តនៃខ្សែភាពយន្តខ្មែរ។ វណ្ណកម្មភាពយន្តទាំងប្រាំខាងលើនេះ ក្រៅពីជាអ្នកដឹកនាំរឿងហើយនោះ លោក លី ប៊ុនយីម មានតួនាទីជាច្រើនទៀតគឺលោកជាអ្នកកាត់ត ជាអ្នកគ្រប់គ្រងបច្ចេកទេសផលិត ជាអ្នកនិពន្ធ និងជាផលិតករទៀតផង៕ រក្សាសិទ្ធិដោយ ៖ សំណាង SV





