ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ ចំណែកកូនតូចម្នាក់ទៀត រងរបួសបាក់ធ្មេញ ខណៈពេលកំពុងតែជិះម៉ូតូឌុបគ្នាត្រឡប់មកពីស្រុកកំណើរវិញ ត្រូវបានរថយន្តស៊ីណាមួយគ្រឿង បើកបុ.កទាំងកម្រោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ក្រុមគ្រួសារមួយក្រុមមានគ្នា៥នាក់ ក្នុងនោះមានម្ដាយឪពុករួមកូនប្រុសស្រី៣នាក់ទៀត បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ មួយគ្រឿងពាក់ផ្លាកលេខ កំពង់ឆ្នាំង 1H-3117 បានជិះម៉ូតូឌុបគ្នាមកពីស្រុកកំណើតឯខេត្តព្រៃវែង ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តម៉ាកស៊ីណា ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2R-0168 បើកចេញពីភូមិគ្រឹះ Tiger ក្នុងទិសដៅពីលិចទៅកើត បោះពួយយ៉ាងលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូទាំងកម្រោល បណ្ដាលឱ្យបុរសជាឪពុករងរបួសបាក់ជើងឆ្វេង ចំណែកកូនប្រុសម្នាក់ទៀត រងរបួសបាក់ធ្មេញ រីឯមាន់មួយក្បាលបានងា.ប់ ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនសុងកា ដើម្បីធ្វើការសង្គ្រោះភ្លាមៗ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌចំការមន សហការជាមួយនគរបាលចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង នៅកន្លែងកើតហេតុ និងយករថយន្តនិងម៉ូតូ របស់ជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម









