កំពង់ស្ពឺ ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ក្រោយធ្វើសកម្មភាពស្ទាក់ប្ល.ន់យកម៉ូតូពីយុវជនម្នាក់ទៀតបានសម្រេច។ ចំណែកមុខសញ្ញាជាបក្ខពួកសង្ស័យក្នុងអំពើប្ល.ន់ សមត្ថកិច្ចកំពុងបើកប្រតិបត្តិការស៉ើបរុករកដើម្បីចាប់ខ្លួន។

ករណីឃាត់ខ្លួនបានធ្វើឡើងនៅម៉ោង ២និង៣០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១លើកំណាត់ផ្លូវក្រាលកៅស៊ូ ក្នុងភូមិពពូល ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
យោងតាមរបាយការណ៍របស់នគរបាលស្រុកបសេដ្ឋ បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សាន ម៉េងហ័ង អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិសិរីអណ្តែត ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងបក្ខពួកពីរនាក់ផ្សេងទៀត ដែលបានគេចខ្លួនបាត់មានឈ្មោះ ១- ស៉ឹម រស្មី អាយុ២១ឆ្នាំ រស់នៅជាមួយជនសង្ស័យខាងលើ និង ២- ឈ្មោះ វិន អាយុ២៥ឆ្នាំ មិនស្គាល់ទីលំនៅ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សាន ម៉េងហ័ង បានរៀបរាប់សារភាពឱ្យដឹងថា រូបគេនិងបក្ខពួកប្រដាប់ ដោយកាំភ្លើងខ្លីមួយដើម បានជិះម៉ូតូមួយគ្រឿងម៉ាក់ប៊ីត ពណ៌ខៀវលាយស ពាក់ផ្លាកលេខ 1R 3815 ទៅចំណុចខាងលើរង់ចាំស្ទាក់ប្ល.ន់មិនរើសមុខ ។ គ្រានោះក៏បានឃើញម៉ូតូមួយគ្រឿង ក្រុមគេធ្វើសកម្មភាពភ្ជង់ប្ល.ន់យុវជនម្នាក់ដែលជិះម៉ូតូឌុបគ្នា យកបានម៉ូតូ១គ្រឿង ម៉ាកសង់ពណ៌ក្រហមផលិតឆ្នាំ២០២០ បិទតែមឡើងស៊េរីឆ្នាំ២០២១ រួចជិះគេចខ្លួន ប៉ុន្តែត្រូវកម្លាំងនគរបាលស្ទាក់ចាប់តែម្តង។

របាយការណ៍នគរបាល បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ យឺន កាលីន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្នោត ឃុំទួលសាលា ស្រុកបសេដ្ឋ ជិះឌុបគ្នាជាមួយឈ្មោះ សុខ ម៉ែន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្វាយរំពារ ឃុំទួលសាលា ស្រុកបសេដ្ឋ ។ ក្រោយស្ទាក់ចាប់កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានអាវុធខ្លីកែច្នៃមួយដើម និងមធ្យោបាយធ្វើសកម្មភាពម៉ូតូប៊ីតមួយគ្រឿង ។ កម្លាំងនគរបាលស្រុក បានដកហូតម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាC១២៥ ពណ៌ក្រហមពាក់ផ្លាកលេខ១ID ៧១៧៩ ត្រឡប់មកវិញផងដែរ។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសួរ ពីមន្ត្រីនគរបាលជំនាញ នៃអធិការដ្ឋានស្រុកបសេដ្ឋ ដើម្បីកសាងសំណុំរឿងបន្តនីតិវិធី រីឯម៉ូតូជនរងគ្រោះក៏បានធ្វើប្រគល់ជូនជនរងគ្រោះវិញហើយដែរ ។
ចំណែកមុខសញ្ញាជាបក្ខពួកសង្ស័យក្នុងអំពើប្ល.ន់ សមត្ថកិច្ចកំពុងបើកប្រតិបត្តិការ ស៉ើបអង្កេតរុករក ដើម្បីចាប់ខ្លួនយកមកប្រគល់ ឱ្យអយ្យការផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ កូលាប

