ពិតណាស់ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ លោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ត្រូវបានមហាជន ទូទាំងប្រទេសសម្គាល់ឃើញថា លោកទាំងពីរ ពិតជាបានលះបង់ទំហំនៃការខិតខំធំធេងខ្លាំងណាស់ មិនខ្វាយខ្វល់ពីឋានៈ យសសក្តិ ដើម្បីទៅរួមសុខទុក្ខ ជាមួយអាជ្ញាធរ មន្ត្រីជំនាញជួរមុខ យ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ ដែលសូម្បីរកពេលគ្មាន ដើម្បីជួបជុំគ្រួសារ។
តែយ៉ាងណាមិញ នៅថ្ងៃនេះ ដែលជាថ្ងៃខួបកំណើតកូនប្រុសពៅ គ្រួសារមួយនេះ បានបង្ហាញស្នាមញញឹមយ៉ាងរីករាយ ដែលបានជួបជុំកូនៗ។ ក្នុងនោះបើតាមគណនីលោកជំទាវ ពេជ ចន្ទមុន្នី បានបង្ហោះរូបថតជុំគ្រួសារក្នុងថ្ងៃខួបកំណើតកូនប្រុសពៅ (អូន សិទ្ធ) ដោយភ្ជាប់សារជាភាសាអង់គ្លេសថា៖ «Finally we could have family picture together after 8 months» ។ តាមរយៈសារនេះរបស់លោកជំទាវ គឺអាចមានន័យជាភាសាខ្មែរថា «ទីបំផុត យើងអាចមានរូបថតជុំគ្រួសារហើយ បន្ទាប់បេសកកម្មជាមួយកូវីដ១៩ អស់រយៈពេល ៨ ខែមក»។
ជាមួយទិដ្ឋភាពដ៏សោះកក្រោះដែលមិនអាចជួបជុំគ្នាបាននេះផងដែរ សម្តេចតេជោ ហ៊ុន សែន ដែលជាជីតាបង្កើត ក៏បានបង្ហោះសារទៅកាន់ចៅប្រុសជាទីស្រឡាញ់ យ៉ាងដូច្នេះថា៖ ភ្ញាក់ពីដំណេកឃើញចៅប្រុសទី២០ផ្ញើរូបថត និងសារសម្លេងមកថា(លោកតា ចៅផ្ញើរូបថតជូនតាមើល តើចៅស្អាតឬទេ?ថ្ងៃនេះជាខួបកំណើតចៅ)។
មើលរូបថតនិងស្តាប់សារសម្លេងចៅហើយ នឹកឃើញដល់ឆ្នាំ១៩៧៧ នៅពេលឪពុករបស់គេកើតឡើង គ្មានឪពុកនៅក្បែរ គ្មានចំណីអាហារសម្លឹង ឃើញតែទឹកភ្នែកម្តាយមានឈ្មោះជាកូនក្បត់អង្គការ។ ពេលជួបឪពុកហើយហៅឪពុកថាជាពូរហូតដល់២ខែ។
ខួបកំណើតរបស់ចៅគម្រប់៣ឆ្នាំចូល៤ឆ្នាំពិតមែន តែស្ថិតក្នុងដំណាក់ការកូវីដ មិនអាចមកជួបជីដូនជីតាបាន តែចៅនៅតែមានភាពប្រសើរជាងឪពុករបស់ចៅ ដែលកើតក្នុងគុគឥតជញ្ជាំង។ ជូនពរចៅជួបតែសេចក្តីសុខសេចក្តីចំរើន
ជាមួយគ្នានេះផងដែរ ក៏សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំធ្វេសប្រហែស មើលស្រាលស្ថានការណ៍ឲ្យសោះ ដោយត្រូវបន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងពិសេសគឺវិធានការរបស់រាជរដ្ឋាភិបាល «៣កុំ ៣ការពារ» ដើម្បីឈានទៅកាត់ផ្តាច់ការរីករាលដាលឆ្លងជំងឺកូវីដទាំងស្រុង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

















