Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តអត់ពន្ធប្រមាណ ១៥០គ្រឿង បានចូលខ្លួនទៅបង់ពន្ធ , រថយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ អត្រាពន្ធត្រូវបង់ខ្ពស់បំផុត១៣០%

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា រថយន្តអត់ពន្ធប្រមាណ ១៥០គ្រឿងបានចូលខ្លួនទៅបង់ពន្ធ និងទៅតម្កល់ប្រាក់ពន្ធ ចំពោះរថយន្តចង្កូតស្តាំ ទទួលចំណូលជាង២.៤លានដុល្លារ ហើយរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជាផ្លាកលេខ ខ.ម ផ្លាកលេខរដ្ឋ ផ្លាកលេខ ន.ប និងប្រភេទផ្លាកលេខស៊ីវិល ទាំងរថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកដី មានប្រមាណជិតមួយម៉ឺនគ្រឿង នឹងត្រូវបង់ពន្ធខុសៗគ្នាទៅតាមប្រភេទ និងស៊េរីឆ្នាំ ដែលអត្រាពន្ធត្រូវបង់ខ្ពស់បំផុត១៣០%។

ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកឱ្យដឹងថា រយៈពេលមួយខែមកនេះ ចាប់តាំងពីអគ្គនាយកដ្ឋានគយប្រកាសឱ្យម្ចាស់រថយន្តចង្កូតឆ្វេង ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ និងរថយន្តចង្កូតស្តាំដែលគ្មានពន្ធ ឱ្យចូលបង់ពន្ធមកមានម្ចាស់រថយន្តប្រមាណ១៥០គ្រឿងហើយ បានចូលខ្លួនទៅបង់ពន្ធ និងទៅតំកល់ប្រាក់ពន្ធ ចំពោះរថយន្តចង្កូតស្តាំ។

តាមរយៈការមកបង់ពន្ធរបស់រថយន្តទាំងជាង១០០គ្រឿងនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលបានចំណូលជាង២.៤លានដុល្លារ។ តាមការប៉ាន់ស្មានរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជាផ្លាកលេខ ខ.ម ផ្លាកលេខរដ្ឋ ផ្លាកលេខ ន.ប និងប្រភេទផ្លាកលេខស៊ីវិល ទាំងរថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកដី មានប្រមាណជិតមួយម៉ឺនគ្រឿង។ រថយន្តទាំងនោះ នឹងត្រូវបង់ពន្ធខុសៗគ្នាទៅតាមប្រភេទ និងស៊េរីឆ្នាំ ដែលអត្រាពន្ធត្រូវបង់ខ្ពស់បំផុត១៣០%។

រថយន្តប្រភេទដឹកទំនិញ អត្រាពន្ធវាមិនខ្ពស់ប៉ុន្មានទេ វាទាបទេ តែសម្រាប់រថយន្តទេសចរណ៍ក៏អត្រាពន្ធខុសគ្នាដែរ ស៊ីសងទៅនឹងប្រភេទរថយន្ត មានខ្លះវាប្រណិត ពួកប្រណិតអត្រាវាខ្ពស់។ តម្លៃគិតពន្ធក៏ខុសគ្នាដែរ រថយន្តថ្មីស៊េរីឆ្នាំ២០១៩, ២០២០ វាថ្លៃ ប៉ុន្តែរថយន្តដែលចាស់ ២០១៥, ២០១០ ២០០៥ ក៏វាថោកទៅតាមហ្នឹងដែរ អីចឹងបន្ទុកពន្ធក៏ខុសគ្នាទៅតាមហ្នឹងដែរ។

អនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងលិខិតលេខ ៤៨២ សជណ.ហធ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ និងបន្ទាប់ពីការជូនដំណឹងជាសាធារណៈដល់ម្ចាស់រថយន្តជ្រកក្រោមផ្លាកលេខផ្សេងៗដែលគ្មានពន្ធ ឱ្យចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូល, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សង្កេតឃើញថា ម្ចាស់រថយន្តចង្កូតឆ្វេងដែលជ្រកក្រោមផ្លាកលេខផ្សេងៗនិងគ្មានពន្ធ បានស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករជាបន្តបន្ទាប់នៅតាមសាខាគយនិងរដ្ឋាកររាជធានី-ខេត្ត។ ដោយឡែកម្ចាស់រថយន្តចង្កូតស្តាំដែលជ្រកក្រោមផ្លាកលេខផ្សេងៗនិងគ្មានពន្ធ ក៏បានស្ម័គ្រចិត្តចូលមកតម្កល់ប្រាក់ស្មើនឹងចំនួនប្រាក់ពន្ធអាករ និងយករថយន្តទៅកែចង្កូតពីស្តាំមកឆ្វេងផងដែរ។

ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមអំពាវនាវនិងលើកទឹកចិត្តដល់៖
១) ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធ ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធនិងអាករចំនួន ១០%។

២) ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ រួសរាន់ចូលមកតម្កល់ប្រាក់ពន្ធនិងអាករ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធនិងអាករចំនួន ១០%។ រថយន្តចង្កូតស្តាំត្រូវកែចង្កូតពីស្តាំមកឆ្វេងឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រថយន្តចង្កូតឆ្វេងគ្មានពន្ធនឹងត្រូវឲ្យបង់ពន្ធអាករពេញលេញ ដោយពុំមានការអនុគ្រោះបន្ធូរបន្ថយពន្ធនិងអាករទៀតឡើយ។ នៅពេលផុតឱសានវាទ គឺចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ រថយន្តគ្មានពន្ធនឹងរងនូវការបង្ក្រាបយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់ ហើយរថយន្តចង្កូតស្តាំ ក្រោយបង្ក្រាបបានត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល ៕រក្សាសិទ្ធិដោយ ៖កូលាប

×