កំពង់ធំ ៖ មានករណីផ្ទុះគ្រាប់ឡង់ ដែលជាសំណល់យុទ្ធភណ្ឌពីសង្គ្រាម បណ្តាលឱ្យស្លា.ប់កុមារាម្នាក់ និងរងរបួសកុមារចំនួន២នាក់ នៅពេលទៅឃ្វាលគោប្រទះឃើញគ្រាប់ហើយនាំគ្នាវា.យគ្រាប់នោះ។

អាជ្ញាធរមីន បានឲ្យដឹងថា ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១និង៤០នាទីព្រឹក មានឧប្បត្តិហេតុគ្រោះថ្នាក់ដោយសារគ្រាប់មិនទាន់ផ្ទុះ នៅចំណុចវាលសោម ចម្ងាយ ២គីឡូម៉ែត្រ ពីភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ ហេតុការណ៍គ្រោះថ្នាក់នេះ មកពីក្មេងទៅឃ្វាលគោ បានឃើញគ្រាប់មិនទាន់ផ្ទុះ ក៏យកដំលេងបានផ្ទុះ និងបណ្តាលឱ្យស្លា.ប់ ១នាក់ របួសធ្ងន់ ១នាក់ និងរបួលស្រាល ១នាក់។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សូមកុំប៉ះពាល់ ដំលេង គ.ប់លេង វាអាចបណ្តាលឲ្យរបួស ពិការ និងស្លា.ប់ គ្រប់ពេល ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។

ករណីឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ សូមចូលរួមមរណទុក្ខជាមួយគ្រួសារសព និងសូមវិញ្ញាណក្ខន្ធសព បានទៅទីឋានបរមសុខ។
ឯកឧត្តមសូមបន្តអំពាវនាវក្មួយៗ ពូមីងលោកតាយាយទាំងអស់ មេត្តាជួយបន្តផ្សព្វផ្សាយ និងអប់រំកូនចៅអំពីគ្រោះថ្នាក់ ដោយសារសំណល់យុទ្ធភណ្ឌពីសង្គ្រាម ករណីជួបប្រទះសូមកុំប៉ះពាល់គ្រាប់យុទ្ធភណ្ឌ និងត្រូវរាយការណ៍មកកម្លាំងស៊ីម៉ាក់ ឬកម្លាំងនគរបាលប៉ុស្តិ៍ ឬអាជ្ញាធរភូមិឃុំដែលស្ថិតនៅក្បែរបំផុត ដើម្បីកម្លាំងស៊ីម៉ាក់ប្រមូលកំទេចចោលគ្រាប់សំណល់យុទ្ធភណ្ឌពីសង្គ្រាមទាំងនោះ៕ រក្សាសិទ្ធិដោយ ៖ កូលាប







