ប្រទេសថៃ ៖ មុខសញ្ញាស៊ីឈ្នួលនាំម៉ូតូឆ្លងដែនខុសច្បាប់ចំនួន ៥នាក់ត្រូវបានកម្លាំងយោធាការពារព្រំដែនថៃ ចាប់ខ្លួន ខណ:ដែលកំពុងធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ក៏ប្រទះឃើញក្រុមជនសង្ស័យទាំងនេះ កំពុងធ្វើសកម្មភាព ជិះម៉ូតូបម្រុងឆ្ពោះទៅកាន់ព្រំដែនកម្ពុជា។ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភូមិរុំជៃ ឃុំទ័ពស្តេច ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ស្របពេលដែលរដ្ឋបាលខេត្តចេញបទបញ្ជាយ៉ាងតឹងរឹង លើរាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ។
ជនទាំង៥នាក់រស់នៅក្នុងស្រុកតាប្រាក់យ៉ា ទាំងអស់ ដោយពួកគេបានសារភាពថាគឺឈ្មោះ ចែ ណាង ជួលអោយពួកគេជិះឆ្លងដែនទៅប្រគល់ឲ្យឈ្មួញនៅក្នុងទឹកដីខ្មែរ ដោយ១គ្រឿងគេទទួលបានប្រាក់កម្រៃ ៥០០ បាត។
សមត្ថកិច្ចថៃបានដកហូតម៉ូតូ ចំនួន ៦ គ្រឿង ម៉ាក Honda Scoopy ចំនួន ៣ គ្រឿង គ្មានផ្លាកលេខ និងម៉ាក Honda ADV ចំនួន ៣ គ្រឿងដោយបច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានស្រុកតាប្រាក់យ៉ា ដើម្បីអនុវត្តន៍តាមនីតិវិធី ដោយឡែកឈ្មួញធំដែលនៅពីក្រោយខ្នង សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕ រក្សាសិទ្ធិដោយ ៖ កូលាប





