ភ្នំពេញ ៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង ពីជំងឺកូវីដ-១៩។

ការអំពាវនាវនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិក សមាជិកា ស.ស.យ.ក. ខេត្តបាត់ដំបង ដែលបានស្ម័គ្រចិត្តចូលរួមជាមួយអាជ្ញាធរខេត្ត ស្រុក ក្រុង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង ។ ពិធីនេះប្រារព្ធនៅទីស្នាក់ការ ស.ស.យ.ក. ខេត្តបាត់ដំបង និងតាមប្រព័ន្ធវីដេអូ Zoom នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។
ក្នុងឱកាសនោះ ឯកឧត្តម ស សុខា ក៏បានស្នើឲ្យថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ក្រុមការងារចុះជួយ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តបាត់ដំបង ទាំងអស់ សូមបន្តជួយឧបត្ថម្ភគាំទ្រ និងចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ គ្រប់រូបភាព ដើម្បីឲ្យខេត្តបាត់ដំបង ក៏ដូចជាប្រទេសកម្ពុជាយើងទាំងមូល ឆាប់បានឆ្លងផុតពីជំងឺដ៏កាចសាហាវនេះ ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ស សុខា ក៏បានស្នើឲ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តបាត់ដំបង ទាំងអស់ បន្តចូលរួមផ្សព្វផ្សាយនូវសារអប់រំនានារបស់ក្រសួងសុខាភិបាល ពិសេសវិធានការ ៣ការពារ ៣កុំ ដើម្បីការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក៏ដូចជាវីរុសបំប្លែងថ្មីផ្សេងៗទៀត បើទោះបីបានចាក់វ៉ាក់សាំងហើយក៏ដោយ ។
ក្នុងនាមឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ឯកឧត្តម ស សុខា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ក្រុមការងារចុះជួយស្រុក ក្រុង និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តបាត់ដំបង ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរខេត្ត ស្រុក ក្រុង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង នាពេលកន្លងមក៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ






