ភ្នំពេញ ៖ ប៉ូលិសសង្ស័យចាប់វាយខ្នោះ ទើបដឹងថាជាចោរ ក្រោយពេលដែលគាស់របងហាងយីហោ៨៨៨៨ លួចបានសម្រេចហើយ ជិះរ៉ីម៉កដឹកសម្ភារ:ទាំងកណ្តាលយប់ ។ ករណីនេះកើតឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០១និង០០នាទី រំលងអធ្រាត្រ ត្រង់ចំណុចភោជនីយដ្ឋានសែនសប្បាយ៨៨៨៨ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុន ចិត្តា ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យ មានឈ្មោះ តាំង លី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ១/ ម៉ាស៊ីនបោកខោអាវចំនួន០១គ្រឿង, ២/តុឈើចំនួន០៤, ៣/កៅអីឈើចំនួន០៩, ៤/ធុងទឹកកក(ធំ)ចំនួន០១, ៥/ម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ទឹកសមុទ្រ គ្មានផ្លាកលេខ (ម៉ូតូចាស់) សណ្តោងរ៉ឺម៉កពណ៌ខ្មៅលាយក្រហម ចំនួន០១គ្រឿង ។

ហេតុការណ៍កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០១និង០០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រសង្កាត់ជើងឯក ដល់ចំណុចផ្លូវលំ ខាងមុខភោជនីយដ្ឋានសែនសប្បាយ៨៨៨៨ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យខាងលើ កំពុងបើកម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ទឹកសមុទ្រ គ្មានផ្លាកលេខ (ម៉ូតូចាស់) សណ្តោងរ៉ឺម៉កពណ៌ខ្មៅលាយក្រហម ចំនួន០១គ្រឿង ដឹកសម្ភារៈមាន៖ ១/ម៉ាស៊ីនបោកខោអាវចំនួន០១គ្រឿង, ២/តុឈើចំនួន០៤, ៣/កៅអីឈើចំនួន០៩, ៤/ធុងទឹកកក(ធំ)ចំនួន០១ ពេលឃើញដូច្នេះកម្លាំងសមត្ថកិច្ច មានការសង្ស័យក៏បានឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯកតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) និងបក្ខពួក ពិតជាបានលួចដឹកសម្ភារៈខាងលើ ចេញពីភោជនីយដ្ឋានសែនសប្បាយ៨៨៨៨ ដើម្បីយកទៅលក់ ពិតប្រាកដមែន ហើយសមត្ថកិច្ចក៏បានទាក់ទងទៅជនរងគ្រោះឈ្មោះ អ៊ុន ចិន្តា ភេទស្រី អាយុ៥៣ឆ្នាំ ដែលជាអ្នកមើលការខុសត្រូវ នៅក្នុងភោជនីយដ្ឋានសែនសប្បាយ៨៨៨៨ ។ បន្ទាប់មកនៅវេលាម៉ោង០៨និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះក៏បានមកមើលសម្ភារៈដែលសមត្ថកិច្ច ដកហូតពីជនសង្ស័យ រួចបានអះអាងថា សម្ភារៈដែលសមត្ថកិច្ចដកហូតបាន ទាំងអស់នោះ គឺជាសម្ភារៈនៅក្នុងហាងរបស់ជនរងគ្រោះ ហើយសមត្ថកិច្ចក៏បានទៅពិនិត្យមើលកន្លែងកើតហេតុ ឃើញមានស្នាមជនសង្ស័យ គាស់ទម្លាយជញ្ជាំងរបងស័ង្កសី ចូលលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ទើបជនរងគ្រោះដាក់ពាក្យបណ្តឹង ចំឈ្មោះជនសង្ស័យ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងតែឃុំខ្លួនបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម


