តារាសម្តែងស្រីចិន នាង Li Xi Er បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម និងក៏ដូចអ្នកគាំទ្រ មានការស្លុតចិត្តយ៉ាងខ្លាំង នៅពេលទទួលដំណឹងថា នាងជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធ.ត់មួយ ខណៈបើករថយន្តធ្វើដំណើរជាមួយឪពុករបស់នាង ស្ថិតនៅចំណុចស្ពាន Zhongcun ក្នុងស្រុក Lufeng ខេត្ត Yunnan ទៅកាន់ Hexi Shangcun កាលពីថ្ងៃអាទិត្យ (ទី៣ ខែតុលា ឆ្នាំ២០២១)។
យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដោយសារតែព្យាយាមគេចពីការបុកគ្នាជាមួយរថយន្តដឹកទំនិញមួយគ្រឿង នៅលើស្ពាន Zhongcun នាង Li បានបត់រថយន្ត ប៉ុន្តែជ្រុលចង្កូតបណ្តាលឲ្យរថយន្តធ្លាក់ផ្លូវ ក្រឡាប់ចូលវាលស្រែតែម្តង។
យ៉ាងណាមិញ បើតាមរយៈរូបភាពដែលត្រូវបានបង្ហោះនៅលើអុិនធើរណេត បន្ទាប់ពីហេតុការណ៍បានកើតឡើង គឺបានបង្ហាញថា ផ្លូវនោះតូចចង្រៀត និងមានលក្ខណៈខ្ពស់ទាប ខណៈដែលតារាស្រីវ័យ ៣៣ រូបនេះ ក៏មិនធ្លាប់ស្គាល់ពីភូមិសាស្រ្តផ្លូវនេះទៀតផង។
តែទោះយ៉ាងណា ជាភ័ព្វសំណាងល្អ តារាស្រីរូបនេះ និងឪពុករបស់នាង ពុំបានបាត់បង់ជីវិតនោះឡើយ ប៉ុន្តែ នាង Li បានរងរបួសបាក់ឆ្អឹងចិញ្ចើម និងតម្រូវឲ្យគ្រូពេទ្យដេរចំនួន ៥៤ ថ្នេរ ឯណោះ។
ជាមួយគ្នានេះផងដែរអ្នកគាំទ្រនៅលើ Weibo បានជូនពរឲ្យនាងឆាប់ជាសះស្បើយ ដោយក្នុងនោះ អ្នកខ្លះក៏បានសង្ឃឹមថា នាងនឹងជាសះស្បើយទាន់ពេលសម្រាប់ខួបកំណើត ៣៤ ឆ្នាំ របស់នាង នៅចុងខខែតុលា នេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









