គួររម្លឹកថា នៅខែមករា ឆ្នាំ២០២១នេះ អ្នកប្រើប្រាស់បណ្តាញសង្កម នៅលើពិភពលោក ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីតារាសម្តែង និងជាតារាម៉ូដែលមីយ៉ាន់ម៉ា លោក Paing Takhon ស្ងាត់ៗ ស្រាប់តែបានបង្ហោះរូបថតជាច្រើនសន្លឹក ជាមួយស្ថានភាពកោរសក់បួសជាព្រះសង្ឃ។
បន្ទាប់មក តារាប្រុសរាងខ្ពស់សង្ហា សក់វែង អាយុ ២៤ ឆ្នាំ រូបនេះ បានសរសេរថា គាត់បានចំណាយពេលឆ្នាំថ្មី ធ្វើជាព្រះសង្ឃរយៈពេល ១០ ថ្ងៃ និងបានបន្ថែមថា គាត់បានស្គាល់ខ្លួនឯងច្បាស់ជាងមុន ក្នុងអំឡុងពេលនោះ ហើយគាត់មានអារម្មណ៍សុខសាន្ត។
តែទោះយ៉ាងណា ថ្ងៃល្អៗទាំងនោះមិនបានមានរយៈពេលយូរនោះទេ គឺបន្ទាប់ពីយោយោធាមីយ៉ាន់ម៉ាដណ្តើមត្រួតត្រាប្រទេសនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ លោក Paing Takhon ក៏បានចូលរួមក្នុងការតវ៉ាតាមដងផ្លូវ ដើម្បីប្រឆាំងទៅនឹងរដ្ឋប្រហារ ហើយបានប្រមូលផ្តុំគ្នាគាំទ្រអន្តរជាតិ តាមរយៈគណនីបណ្តាញសង្គមរបស់គាត់។
ជាលទ្ធផល គាត់ត្រូវបានកម្លាំងយោធាចាប់ខ្លួននៅថ្ងៃទី៨ ខែមេសា ហើយត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ។ បងស្រីរបស់គាត់បានប្រាប់រ៉យទ័រថា កងកម្លាំងបានមកជាមួយឡានយោធាចំនួន ៨ គ្រឿង និងទាហានប្រហែល ៥០ នាក់ នៅម៉ោង ៤ និង ៣០ នាទីព្រឹក នៅផ្ទះឪពុកម្តាយម្តាយរបស់ពួកគេ នៅទីក្រុងយ៉ាំងហ្គោន ជាកន្លែងដែលគាត់បានស្នាក់នៅជាច្រើនថ្ងៃ ខណៈពេលដែលគាត់មិនស្រួលខ្លួន។ ហើយចាប់តាំងពីពេលនោះមក មានគេរាយការណ៍ពីដំណឹងរបស់តារាប្រុសរូបនេះតិចតួចណាស់។
នៅខែមិថុនា ក៏គណនីមួយបានបញ្ចូលរូបថតមួយសន្លឹក ដែលគេស្គាល់យ៉ាងច្បាស់ថា ជារូបគាត់កំពុងនៅក្នុងពន្ធនាគារ ហើយញញឹមដាក់កាមេរ៉ា។ តែយ៉ាងណាមិញ កាលពីខែមុននេះ សារព័ត៌មានភូមាមួយបានចុះផ្សាយអត្ថបទ ដោយបានដកស្រង់សម្តីមេធាវីរបស់គាត់គឺលោក Khin Maung Myint ដោយបាននិយាយថា បច្ចុប្បន្ន Paing Takhon មានសុខភាពល្អហើយសំណុំរឿងរបស់គាត់ត្រូវបានពន្យារពេលកាត់ក្តីច្រើនខែទៀត ក្នុងករណីចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ដោយសារបញ្ហាជំងឺរាតត្បាត Covid-19 ។
មេធាវីរូបនេះបានបន្ថែមថា បន្ទាប់ពីរដ្ឋប្រហារខែកុម្ភៈ នោះរបបយោធាបានបង្គាប់ឱ្យការសាកល្បងធម្មតា ត្រូវដោះស្រាយក្នុងរយៈពេល ១៨០ ថ្ងៃ។ ហេតុនេះ ការជំនុំជម្រះក្តីរបស់លោក Paing Thakon ដែលបានចាប់ផ្តើមនៅថ្ងៃទី៤ ខែឧសភា នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៤ ខែវិច្ឆិកា។
ការចាប់ផ្តើមសវនាការរបស់គាត់ឡើងវិញ នឹងមានន័យថា បញ្ជូនគាត់និងជនជាប់ចោទផ្សេងទៀត ទៅក្នុងស្ថានការណ៍ដូចគ្នា រហូតដល់ ៦ខែទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






