ភ្នំពេញ ៖ ខណៈប្រជាពលរដ្ឋដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត មានការព្រួយបារម្ភខ្លាចទឹកស្ទឹងនេះ ឡើងជន់លិចលង់ភូមិដ្ឋានរបស់ពួកគាត់ ដោយសារតែទឹកស្ទឹងនេះ កំពុងហក់ឡើងក្រឺតៗ, ប៉ុន្តែត្រូវបានក្រុមមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម និងមន្ត្រីអាជ្ញាធរ បានបញ្ជាក់អំពីស្ថានភាពនេះថា កម្រិតទឹកស្ទឹងព្រែកត្នោតនេះ ពិតមែនតែមានការស្ទុះឡើង ប៉ុន្តែ មិនទាន់ឈានដល់កម្រិតប្រកាសអាសន្ន ឬគំរាមកំហែងដល់ការរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងនេះនៅឡើយ។
បើតាមការបញ្ជាក់របស់មន្ត្រីជំនាញធារាសាស្រ្ត នៃក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងទៀតថា ស្ដីពីជំនន់ស្ទឹងព្រែកត្នោតវិញ មកដល់ពេលនេះ អត់ទាន់មានការលិចលង់ភូមិឋានប្រជាពលរដ្ឋនៅភាគខាងលើឡើយទេ។ ទឹកនេះទទួលរបបទឹកពីខាងរលាំងជ្រៃ ក្នុងខេត្តកំពង់ស្ពឺ ពីខាងលើហូរចាក់មកដល់ទំនប់ ៧មករា ទឹកដីខេត្តកណ្ដាល ជាប់ព្រំប្រទល់ ខណ្ឌពោធិ៍សែនជ័យ គឺអត់មានលិចលង់ទេ គឺមានការស្រកចុះតិចៗទៅវិញ។ ដោយឡែក ទឹកនៅក្រោមស្ពាន ៧មករានេះ បានហូរមកតាមភូមិសាស្ត្រសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រហូតមកដល់ទឹកដីក្រុងតាមខ្មៅ នៃខេត្តកណ្តាល ដែលថា លិចលង់ច្រើននេះ គឺដោយសារទឹកធ្លាក់លឿនមកពីកំពង់ស្ពឺ ហើយខាងក្រុមមន្ត្រីយើងបានទម្លាក់វាឱ្យហូរទៅខាងក្រោម ដើម្បីទប់ទល់ភាគខាងលើឱ្យហើយ ខ្លាចក្រែងទឹកជំនន់ពីព្រែកត្នោតកំពង់ស្ពឺ បង្កជាអាសន្ន។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ បានដឹកនាំក្រុមមន្ត្រី ចុះទៅពិនិត្យស្ថានភាពទឹកនៅតាមដងស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ដោយឯកឧត្តមបានអះអាងថា អាជ្ញាធរបានត្រៀមលក្ខណៈសម្បត្តិជាប់ជានិច្ចជួយដល់ប្រជាពលរដ្ឋ បើមានករណីជន់លិចណាមួយកើតឡើង, ប៉ុន្តែយ៉ាងណាក៏ដោយ មកដល់ពេលនេះ ទឹកនៅតាមស្ទឹងព្រែកត្នោត មិនមានអ្វីជាការព្រួយបារម្ភ ធ្វើការគំរាមកំហែងទៅដល់រាជធានីភ្នំពេញ ឬបណ្តាខេត្តនៅខាងក្រោម ដូចជា ខេត្តកណ្តាល និងតាកែវ នោះឡើយ, បើសិនជាស្ថានភាពអាកាសធាតុល្អបែបនេះ វាអត់មានការលិចលង់ទេ។
ក្រឡេកទៅមើល ភូមិសាស្ត្រ ភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាប់ព្រំប្រទល់ ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាតំបន់ទំនាប ទឹកជំនន់អាចបង្កឲ្យប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅទាំងពីរភូមិខាងលើ។ ដូច្នេះ ចាប់តាំងកាលពីរសៀលថ្ងៃទី៩ និងព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ចាត់ចែងដោយ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស បានបញ្ជាឲ្យក្រុមការងារ កាយបើកមុខទឹកប្រឡាយ៩៦ ដើម្បីទប់ស្កាត់ការលិចលង់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដោយសារជំនន់ទឹកភ្លៀងនេះ គឺបើកមុខទឹក ដែលជាផ្លូវរំដោះទឹកយ៉ាងសំខាន់ ឱ្យទឹកហូរធ្លាក់ទៅតំបន់ បឹងបួ អូរធម្មជាតិ និងធ្លាក់ចូលតាមព្រែកទៅកាន់ទន្លេបាសាក់។
ងាកមក ភូមិសាស្រ្តក្រុងតាខ្មៅ នៃខេត្តកណ្តាល វិញ ស្ថានភាព នៃការលិចលង់ ដែលទឹកហូរលើផ្លូវបេតុង តាមចំណុចទំនាប និងដោយកន្លែង ដែលមានទីតាំងស្ថិតនៅ តំបន់ទំនប់ចាបយំ ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ រួមគ្នាច្រកបាវខ្សាច់ទប់ជាទំនប់បន្ថែម ដើម្បីការពារកុំឱ្យមានការលិចលង់ភូមិឋានប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN