ខេត្តកំពង់ចាម ៖ នៅវេលាម៉ោង ១៨និង០០ នាទី ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ កម្លាំងជំនាញការរិយាល័យប្រឆាំងការជួញដូរមនុស្ស បានទទួលពាក្យបណ្តឹង ពីជនរងគ្រោះ ភេទស្រី អាយុ ១២ ឆ្នាំ រស់នៅភូមិរកាក្រោម សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលបានប្តឹងឈ្មោះ សួង អរុណ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដង្កោ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រព្រឹត្តសកម្មភាពរំលោភ ទៅលើជនរងគ្រោះបានសម្រេចចំនួន ១ ដង កាលពីវេលាម៉ោង ១២និង០០ នាទី ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២១ នៅចំណុចសណ្ឋាគារយីហោ ហេងហេង បន្ទប់លេខ ៣១១ ស្ថិតនៅភូមិ ទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ក្រោយពីបានទទួលបណ្ដឹងពីករណីនេះភ្លាម លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចេញបទបញ្ជា ចាត់ការជាបន្ទាន់តាមនីតិវិធី។ ដោយបានការសម្របសម្រួលពី ឯកឧត្តមអ វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ១៩និង០០ នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំង អាវុធហត្ថក្រុងកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបទល្មើស បានធ្វើការឃាត់ខ្លួនបានជនសង្ស័យ ឈ្មោះ សួង អរុណ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅចំណុចសណ្ឋាគារយីហោ ហេងហេង បន្ទប់លេខ ៣១១ ស្តិតនៅភូមិ ទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម រួចកម្លាំងជំនាញបានបញ្ជូនជនសង្ស័យខាងលើ មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់តាមនីតិវិធី ។
កម្លាំងជំនាញបានធ្វើតេស្តរកមេរោគកូវីដ១៩ លើជនសង្ស័យ លទ្ធផល អវិជ្ជមាន និងធ្វើតេស្តរកសាធាតុញៀនលទ្ធផល វិជ្ជមាន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញអាវុធហេតុខេត្តកំពង់ចាម បានកសាងសំណុំរឿង និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម




