ភ្នំពេញ ៖ ជនសង្ស័យ ២ នាក់បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង បានសម្រេច ខណៈពេលដែលម្ចាស់ចតទុកមុខផ្សារ ហើយដើរចូលផ្សារមួយភ្លែត។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ មុខផ្សារស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ម្ចាស់ម៉ូតូខាងលើមានឈ្មោះ សេន ហាន់ណាហ្វី ជាម្ចាស់កម្មសិទ្ធិម៉ូតូ សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1FU-1657 បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមកទិញអីវ៉ាន់ នៅក្នុងផ្សារស្ទឹងមានជ័យចាស់ ហើយបានចាក់សោម៉ូតូចតទុកមុខផ្សារ ហើយបានដើរចូលទៅក្នុងផ្សារមួយភ្លែត ពេលដែលត្រឡប់ចេញមកវិញ ក៏ពុំឃើញម៉ូតូរបស់ខ្លួន ទើបមានការភ្ញាក់ផ្អើល ហើយក៏បានសួរក្មេងស្រីលក់លៀសហាល នៅក្បែរនោះបានប្រាប់រូបនាង បានឃើញមនុស្សប្រុស២នាក់ ជិះម៉ូតូឌុបគ្នាមួយគ្រឿង មកឈប់នៅក្បែររទេះលក់លៀសរបស់នាង ហើយមានជនសង្ស័យម្នាក់ បានចុះមកអង្គុយលើម៉ូតូជនរងគ្រោះ ហើយជក់បារីអស់មួយដើម រួចក៏បានធ្វើសកម្មភាពលួចកាច់ក ម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុ ម្ចាស់ម៉ូតូក៏បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ស្វែងរកម៉ូតូរបស់គាត់វិញផង៕ រក្សាសិទ្ធិដោយ ៖ សួង សាម





