បន្ទាយមានជ័យ ៖ នៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ វរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ ៥១៣ បានចាត់តាំងកម្លាំងនៅជួរមុខតាមខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃ នៅភូមិបន្ទាយពីរ ឃុំអូរសំព័រ ស្រុកម៉ាឡៃ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ កម្លាំងចម្រុះ ចេញល្បាតត្រួតពិនិត្យតាមបន្ទាត់ព្រំដែន ក៏បានប្រទះឃើញ ហើយធ្វើការឃាត់ខ្លួនពលករខ្មែរបានចំនួន ២០នាក់ ស្រី ២០នាក់ នៅត្រង់ចំណុច (ក្បាលទំនប់) ដែលបម្រុងនិងលួចចូលទៅប្រទេសថៃ ក៏ត្រូវបានកម្លាំងសហការយើងធ្វើការឃាត់ខ្លួនរួចសាកសួរនាំ និងបានប្រគល់ជូនកម្លាំជំនាញ ដើម្បីអនុវត្តទៅតាមច្បាប់។

ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ពង្រឹងការល្បាត តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀត។
សូមបញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលជាសហគមន៍ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១១, ៥១៣ និង៥១៤ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លើទាំង ៣ទិស ក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរនាង ប៉ោយប៉ែត និង ទិសម៉ាឡៃ សហការជាមួយកម្លាំងនៅតាមមូលដ្ឋាន ចេញល្បាតឆែកឆេរ ត្រួតពិនិត្យជាប្រចាំ ក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់៕ រក្សាសិទ្ធិដោយ ៖ កូលាប




