Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានគយកម្ពុជា រដ្ឋបាលគយជប៉ុន បើកសិក្ខាសាលាស្តីពី ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ ឆ្នាំ២០២១

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) សហការជាមួយរដ្ឋបាលគយជប៉ុន (Japan Customs and Tariff Bureau) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងអង្គការគយពិភពលោក (WCO) នាថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ បានប្រារព្ធសិក្ខាសាលាស្តីពី ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ ឆ្នាំ២០២១ (Time Release Study-2021) តាមប្រព័ន្ធវីដេអូ (Video Conference)។

សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមានការចូលរួមតាមប្រព័ន្ធវីដេអូពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងបរិស្ថាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ សភាពាណិជ្ជកម្មកម្ពុជា សមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា (JBAC) សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សមាគមភស្តុភារកម្មកម្ពុជា (CLA) រួមទាំងដៃគូអភិវឌ្ឍន៍មាន រដ្ឋបាលគយជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងអង្គការគយពិភពលោក (WCO)។

ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលា ឯកឧត្ដមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញនៅក្នុងឆ្នាំ២០២១ នេះត្រូវបានរៀបចំឡើងដោយអនុលោមតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO-TFA) និងកាតព្វកិច្ចរបស់កម្ពុជាដែលត្រូវបំពេញស្របតាមការតម្រូវរបស់អាស៊ាន ក្នុងការសិក្សាការកាត់បន្ថយចំណាយចម្លងការពាណិជ្ជកម្ម (Trade Transaction Cost-TTC)។ ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ ឆ្នាំ២០២១ នេះ ជាឧបករណ៍មួយសម្រាប់វាស់វែងរយៈពេល និងស្វែងរកនូវចំណុចខ្វះខាត នៅគ្រប់ដំណាក់កាលនៃការបញ្ចេញទំនិញនៅកម្ពុជា ហើយនឹងដាក់ចេញនូវអនុសាសន៍នានាជាមូលដ្ឋាន សម្រាប់តួអង្គពាក់ព័ន្ធយកទៅបំពេញបន្ថែម ដើម្បីបន្តកែលម្អនីតិវិធីនិងធ្វើឱ្យប្រសើរឡើងបន្ថែមទៀត នូវភារកិច្ចរបស់ស្ថាប័ននីមួយៗ ក្នុងន័យជំរុញឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងការលើកកម្ពស់ ភាពប្រកួតប្រជែងរបស់កម្ពុជា។ កន្លងមកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានធ្វើការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញពីគយនៅឆ្នាំ២០១៣ និងការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញនៅឆ្នាំ២០១៩ ដែលទទួលបានលទ្ធផលល្អប្រសើរ។

ទន្ទឹមនេះ ឯកឧត្ដមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការកំណែទម្រង់ស៊ីជម្រៅនិងមុតស្រួចមានជាអាទ៍ ការកែសម្រួលសមត្ថកិច្ចត្រួតពិនិត្យនៅព្រំដែន ការកែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធនឹងទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ការកែសម្រួលកម្រៃស្កែន ការកាត់បន្ថយថ្លៃលើកដាក់នៅកំពង់ផែ និងការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ដែលបានលើកស្ទួយកិច្ចសម្រួលពាណិជ្ជកម្ម និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា បានមួយកម្រិតបន្ថែមទៀត។ ទោះបីជាសាកលលោក និយាយជារួម និងនិយាយដោយឡែកសម្រាប់កម្ពុជា ដែលបាននិងកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើគ្រប់វិស័យ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩នេះ យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាបន្តបន្ទាប់ដើម្បីធានានិរន្តរភាពកិច្ចប្រតិបត្តិការនាំចេញ-នាំចូលទំនិញ និងបង្កើនកិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀត ក្នុងន័យរក្សាបាននូវលំនឹងស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាធានាបាននូវចីរភាពនៃអាហារូបត្ថម្ភដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងរយៈពេលដ៏លំបាកនេះ ដែលកម្ពុជាបានខិតខំប្រឹងប្រែងជំនះតាមគ្រប់រូបភាព និងមានការចូលរួមយ៉ាងសកម្មពីគ្រប់តួអង្គពាក់ព័ន្ធ ដោយទទួលបានលទ្ធផលល្អប្រសើរ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងអង្គសិក្ខាសាលា អ្នកជំនាញការរដ្ឋបាលគយជប៉ុន និងអ្នកជំនាញការអង្គការគយពិភពលោក បានធ្វើបទបង្ហាញផ្សព្វផ្សាយពីបទពិសោធន៍ល្អៗ និងវិធីសាស្រ្តនៃការអនុវត្តការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ។ ទន្ទឹមនេះ តំណាង អគរ បានធ្វើបទបង្ហាញពីលទ្ធផលសង្ខេបនៃការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញក្នុងឆ្នាំ២០១៩ ដែលបានឆ្លុះបញ្ចាំងនូវភាពប្រសើរឡើង តាមដំណាក់កាលនីមួយៗ ដែលត្រូវបានកាត់បន្ថយពេលវេលា តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ការកែសម្រួលនីតិវិធី និងការបង្កើនប្រសិទ្ធភាព នៃការអនុវត្តការងារនិងការកសាងធនធានមនុស្ស។ ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញរបស់កម្ពុជានាពេលកន្លងមកនិងបច្ចុប្បន្ន បានអនុវត្តតាមឧត្តមានុវត្តអន្តរជាតិ និងស្របតាមគោលការណ៍ណែនាំរបស់អង្គការគយពិភពលោក។

អង្គសិក្ខាសាលាទាំងមូល បានកំណត់នូវពេលវេលាក្នុងការប្រមូលទិន្នន័យនិងការវិភាគលទ្ធផល នៃការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញឆ្នាំ២០២១ ដែលគ្រោងនឹងធ្វើឡើងក្នុងសប្តាហ៍ទី៤ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ដោយមានវិសាលភាពគ្រប់ដណ្តប់ទាំងលើការចេញអាជ្ញាបណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាត និងអនុវត្តលើទីតាំងសម្រាប់ការនាំចេញ (មាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ) និងការនាំចូល (អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ ផែស្ងួតតេងឡាយ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញការិយាល័យគយនិងរដ្ឋាករប៉ោយប៉ែត និងការិយាល័យគយនិងរដ្ឋាករបាវិត)។

ជាទីបញ្ចប់ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់អង្គភាពគយនិងរដ្ឋាករ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំនីតិវិធីផ្ទៃក្នុង និងចូលរួមសហការជាមួយក្រុមការងារ និងអ្នកជំនាញការ ដើម្បីធ្វើឱ្យការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ ឆ្នាំ២០២១ នេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា៕ រក្សាសិទ្ធិដោយ ៖ កូលាប

×