ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រីបានបញ្ជូនសំណើធ្វើវិសោធនកម្ម មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញ ទៅដល់រដ្ឋសភាហើយនៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នេះ។
អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង បានបញ្ជាក់ប្រាប់សារព័ត៌មានថា រដ្ឋសភាបានទទួលសំណើធ្វើវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម គឺបានបញ្ជូនមកដល់រដ្ឋសភាហើយកាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីបានទទួលហើយ រដ្ឋសភានឹងប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ដើម្បីបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈកម្មការជំនាញដើម្បីសិក្សា បន្ទាប់ពីសិក្សារួចធ្វើរបាយការណ៍សុំដាក់ប្រជុំពេញអង្គ។
អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា នឹងប្រជុំនៅថ្ងៃទី១៤ ខែតុលា ខាងមុខនេះ ដើម្បីសំណើធ្វើវិសោធនកម្ម មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញ។
សូមជម្រាបថា ក្រុមប្រឹក្សាធម្មនុញ្ញ កាលពីព្រឹកថ្ងៃទី១១ ខែតុលា នេះ បានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយផ្អែកលើមាត្រា១៥៣ថ្មី (ពីរ មាត្រា១៥១ថ្មី) មាត្រា១៥៤ថ្មី(ពីរ មាត្រា១៥២ថ្មី) និងមាត្រា១៥៥ថ្មី (ពីរ មាត្រា១៥៣ថ្មី) នៃរដ្ឋធម្មនុញ្ញ ការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ អាចធ្វើទៅបាន គឺស្របតាមបរិបទនៃសភាពការណ៍ជាក់ស្តែង និងពុំមានអ្វីប៉ះពាល់ដល់ ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័ត និងកែសម្រួលពាក្យពេចន៍មួយចំនួន លើ “សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និង មាត្រា៣និង មាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅ ធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ”។
ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័ត និងកែសម្រួលពាក្យពេចន៍មួយចំនួន លើ «សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និង មាត្រា៣និង មាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅ ធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ»។
ឯកឧត្តមបានបន្តថា រដ្ឋសភា, ព្រឹទ្ធសភា, រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលរបស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងមានការទទួលខុសត្រូវក្នុងការសម្រេចលើកិច្ចការសំខាន់ៗដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា, ឧត្តមប្រយោជន៍ជាតិ និងប្រជាជន កម្ពុជា និងការប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុង របស់ជាតិ ឬ ការបង្គាប់បញ្ហាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជា។ ផ្អែកលើមូលដ្ឋាននេះ ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញសុទ្ធតែត្រូវបានកំណត់ឱ្យមានកាតព្វកិច្ចត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះភ័ក្ត្រនៃសម្តេចព្រះសង្ឃរាជ និង ទេវតារក្សាស្វេតច្ឆត្រ ដោយត្រូវសច្ចាប្តេជ្ញាជាដាច់ខាតក្នុងការអនុវត្តកាតព្វកិច្ចស្មោះត្រង់ចំពោះ ជាតិ និងការការពារឧត្តមប្រយោជន៍ ដែលជាអាយុជីវិតរបស់ជាតិ និងប្រជាជនកម្ពុជា។ ទន្ទឹមនេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ដែលមានការពាក់ព័ន្ធ ក៏បានតម្រូវឱ្យតំណាង រាស្ត្រ, សមាជិកព្រឹទ្ធសភា, នាយករដ្ឋមន្ត្រី និងសមាជិកក្រុមប្រឹក្សា ធម្មនុញ្ញទាំងអស់ ត្រូវតែមាន សញ្ជាតិខ្មែរតាំងពីកំណើត។ បន្ថែមពីនេះ ប្រធាន អនុប្រធាន និងសមាជិកទាំងអស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នមានចែងក្នុងរដ្ឋធម្មនុញ្ញផងដែរនោះ ក៏ត្រូវបានច្បាប់កំណត់ឱ្យត្រូវតែមានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរតែមួយគត់ ដើម្បីធានាឱ្យការបំពេញភារកិច្ចរបស់ខ្លួនទាក់ទងនឹងការងារបោះឆ្នោតដែលជាស្នូលនៃដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ប្រព្រឹត្តទៅដោយឯករាជ្យ ដើម្បីធានាការពារ ឧត្តមប្រយោជន៍ជាតិពីការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង ទាក់ទងនឹងកិច្ចដំណើរការ
បោះឆ្នោតពីខាងក្រៅ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ដើម្បីធានាបានឱឡារិកភាពទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ចំពោះគោលជំហរនិងការ ប្តេជ្ញាចិត្តស្មោះត្រង់ឥតងាករេចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ ទាំងអស់ និងដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជាពីការជ្រៀតជ្រែក ពីបរទេស, និងដោយយោងតាមមាត្រា ១៥៣ ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលសូមស្នើធ្វើវិសោធនកម្មមាត្រា១៩ ថ្មី មាត្រា៨២ ថ្មី មាត្រា១០៦ ថ្មី (មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័ន ជាតិ សំដៅចារឹកគោលការណ៍គ្រឹះទាំងនេះចូលទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់គ្រឹះ និងជាច្បាប់កំពូលរបស់ជាតិ ដោយកំណត់ឱ្យប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា, នាយករដ្ឋមន្ត្រីនិងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន “សញ្ជាតិខ្មែរតែមួយគត់”។
សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី មាត្រា៨២ ថ្មី មាត្រា១០៦ ថ្មី (មួយ)មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័ន ជាតិ រួមមាន៣មាត្រាដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖
• មាត្រាមួយ ចែងអំពីសំណើធ្វើវិសោធនកម្មមាត្រា ១៩ ថ្មី មាត្រា៨២ ថ្មី មាត្រា ១០៦ ថ្មី(មួយ) មាត្រា ១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
• មាត្រាពីរ ចែងអំពីសំណើធ្វើវិសោធនកម្មមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
• មាត្រាបី ចែងអំពីការប្រកាសច្បាប់នេះជាការប្រញាប់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ