ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមផ្សព្វផ្សាយលិខិតលេខ ២០៥៥/២៥ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ស្តីពីវិធានការទប់ស្កាត់ជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ដោយផ្អាកការនាំចូលជាបណ្តោះអាសន្នលើសត្វពាហនៈ (គោ-ក្របី) និងសាច់គោ-ក្របី ពីប្រទេសថៃ។
យោងលិខិតលេខ ៥០០៧ កសក ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទស្តីពីវិធានការទប់ស្កាត់ជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ដោយផ្អាកការនាំចូលជាបណ្តោះអាសន្ន លើសត្វពាហនៈ (គោ-ក្របី) និងសាច់គោ-ក្របីពីប្រទេសថៃ។
តាមរយៈលិខិតនេះឯកឧត្តមបណ្ឌិត គុណញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានថ្លែងថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចាត់វិធានការទប់ស្កាត់ការឆ្លងជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ចូលមកកម្ពុជា ដោយផ្អាកការនាំចូល ជាបណ្តោះអាសន្នសត្វពាហនៈ (គោ-ក្របី) និងសាច់គោ-ក្របីពីប្រទេសថៃ។ ក្នុងន័យនេះ ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្ត, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមធ្វើការណែនាំដល់គ្រប់អង្គភាពគយនិងរដ្ឋាករពាក់ព័ន្ធ ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យឯកសារ និងការត្រួតពិនិត្យរូបវន្ត ព្រមទាំងត្រូវចាត់ វិធានការតាមដាន ទប់ស្កាត់ការប៉ុនប៉ងលួចនាំចូលដោយខុសច្បាប់នូវទំនិញដែលបានហាមឃាត់តាម មាត់ច្រកនានា ជាពិសេសតាមច្រករបៀង ក្នុងមូលដ្ឋានភូមិសាស្ត្ររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់។
ទទួលបានការណែនាំនេះ សូម លោក លោកស្រី ចាត់ចែងអនុវត្តជាការប្រញាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះ រហូតដល់មានការណែនាំជាថ្មី៕ រក្សាសិទ្ធដោយ៖សុទ្ធលី



