ព្រៃវែង ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានថ្លែងសារលើបណ្តាញសង្គមថា ប្រហែលនេះគឺលើកទី១ហើយនៅស្រុកខ្មែរ ។ ជាការប្រមាថដ៏ធ្ងន់ធ្ងរមួយដល់កម្លាំងសន្តិសុខខេត្ត ដែលមានខ្ញុំជាអ្នកដឹកនាំមួយរូប និងមិនអាចទទួលយកបានជាដាច់ខាត! ក្មេងៗសត្វមមាចមួយក្រុមនេះដេញគប់គ្នា និងវាយគ្នារហូតដល់ក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្ត ពិតជាមិនគួរឱ្យជឿទាល់តែសោះ ។ តើខ្ញុំគួរធ្វើបែបណាចំពោះពួកគាត់ឱ្យសមនឹងទង្វើតិរច្ឆាននេះ??
លោកស្នងការ បានបញ្ជាក់ដូច្នេះថា “ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោកចៅក្រមនៃខេត្តព្រៃវែងនឹងកំណត់ទោសទណ្ឌក្រុមនេះដោយសមរម្យបំផុត ពីព្រោះខ្ញុំយល់ឃើញថា ពួកនេះបើអប់រំត្រឡប់ទៅផ្ទះឱ្យកែខ្លួនក៏មិនចំណេញដល់សង្គមជាតិដែរ ។ ជាថ្មីទៀត សូមផ្តាំយ៉ាងទទូច និងម៉ឺងមាត់ថា ក្មេងៗពាលដែលចូលចិត្តប្រព្រឹត្តអំពើពាលាអាវ៉ាសែទាំងឡាយក្នុងឃុំសង្កាត់ទាំង ១១៦ នៃខេត្តព្រៃវែង ឱ្យតែខ្ញុំបានដឹងថា ពួកអស់លោកលោកស្រីឯងបានប្រព្រឹត្តបទល្មើសហើយ ទោះគេចដល់ទីណាក៏តាមយកដែរ ហើយគ្មានឡើយវិធានការអប់រំនោះ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី


