Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហង់ជួន ណារ៉ុន សង្ឃឹមជឿជាក់ថា ទំនាក់ទំនងដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ

រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានអញ្ជើញចូលរួមក្នុងកម្មវិធីទិវាអឺរ៉ុប ឆ្នាំ២០២៥ ដែលប្រារព្ធធ្វើនៅនិវេសនដ្ឋានសហភាពអឺរ៉ុប ប្រចាំកម្ពុជានិងមានការចូលរួមពី ឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកឧត្ដម លោកជំទាវ អគ្គរាជទូត/អគ្គរដ្ឋទូតតាមបណ្តាប្រទេសពាក់ព័ន្ធប្រចាំព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

ទិវាអឺរ៉ុប ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៩ ខែឧសភា ដើម្បីអបអរសារទរសន្តិភាព សុវត្ថិភាព និងការរួបរួមគ្នានៅអឺរ៉ុប ហើយការប្រារព្ធខួបទិវា អឺរ៉ុប ឆ្នាំ ២០២៥នេះ ក៏ជាឱកាស ដ៏ សំខាន់ ក្នុងការពង្រឹង កិច្ច សហប្រតិបត្តិការ រវាង សហភាព អឺរ៉ុប និង ព្រះរាជាណាចក្រ កម្ពុជាលើគ្រប់វិស័យផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តម Lgor DRIESMANS បានរំលឹកខួបទី៧៥ នៃសេចក្តីថ្លែងការណ៍របស់លោក Robert Schuman ដែលជាកម្លាំងចលករនៃការបង្រួបបង្រួមទ្វីបអឺរ៉ុប។ ក្នុងបរិបទពិភពលោកដែលកំពុងប្រែប្រួល ឯកឧត្តមបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបចំពោះតម្លៃជាសកល ការលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ និងការយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ឯកឧត្តមបានលើកឡើងពីកិច្ចសហប្រតិបត្តិការដែលកំពុងបន្ត រួមទាំងកម្មវិធីថ្មីៗដែលផ្តោតលើវិស័យសំខាន់ៗជាច្រើនដូចជាវិស័យអប់រំផងដែរ។ បន្ថែមលើនេះ ឯកឧត្តម បានគូសបញ្ជាក់ពីទំនាក់ទំនងយូរអង្វែង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងសហភាពអឺរ៉ុប និងព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីថ្មីៗ ការផ្តល់នូវការអនុគ្រោះពន្ធ និងការទាក់ទាញវិនិយោគពីអឺរ៉ុប ព្រមទាំងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ និងអធិបតេយ្យភាពនៃគ្រប់ប្រទេសទាំងអស់ ព្រមទាំងបានបញ្ជាក់ថា សហភាពអឺរ៉ុបនឹងបន្តជាដៃគូដែលអាចទុកចិត្តបាន និងធ្វើការរួមគ្នាដើម្បីភាពរុងរឿង និងសន្តិសុខរបស់ប្រជាជនទាំងពីរ។

ក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សូមចូលរួមអបអរសាទរខួបលើកទី៧៥ នៃទិវាអឺរ៉ុប ដោយទិវានេះបានចង្អុលបង្ហាញពីសារៈសំខាន់នៃការរំលឹកដល់គំនិតស្នូលនៃការសហការ ភាពរួបរួម និងសន្តិភាព ដែលជាកត្តាជំរុញដ៏សំខាន់ក្នុងការកសាងអឺរ៉ុបក្រោយសង្គ្រាម។ ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីចំណងមិត្តភាពដ៏យូរអង្វែង និងពង្រឹងឥតឈប់ឈររវាងកម្ពុជា និងសហភាពអឺរ៉ុប ដោយកត់សម្គាល់ពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងការបង្ហាញពីការរួបរួមគ្នាក្នុងគ្រាលំបាក ដែលជាសក្ខីភាពនៃភាពជាដៃគូដ៏រឹងមាំដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លើកឡើងពីតួនាទីដ៏សំខាន់របស់សហភាពអឺរ៉ុបក្នុងការជួយលើកកម្ពស់វិស័យអប់រំក្នុងប្រទេសកម្ពុជា តាមរយៈគំនិតផ្តួចផ្តើមនានាដូចជាកម្មវិធី Erasmus Plus និងGlobal Gateway របស់សហភាពអឺរ៉ុប ដែលរួមចំណែកដល់ការផ្លាស់ប្តូរចំណេះដឹង ការអភិវឌ្ឍជំនាញ និងការបណ្តុះបណ្តាលបច្ចេកទេស ជាពិសេសការគាំទ្រដល់ “Transforming Technical Education EU-Cambodia Partnership 2024-2027” ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងការអប់រំ និងការអប់រំ STEM។

សាជាថ្មីម្តងទៀត តាងនាមរាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអឺរ៉ុប ដែលបានជួយគាំទ្រមកកាន់ប្រទេសកម្ពុជាលើគ្រប់វិស័យនាពេលកន្លង ជាពិសេសលើវិស័យអប់រំផ្ទាល់ និងបានសង្ឃឹមជឿជាក់ថា ទំនាក់ទំនងដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ ជាពិសេសក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសម្រាប់កម្ពុជានាពេលអនាគត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×