Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃបើកប្រទេសឡើងវិញ រំពឹងនឹងរកប្រាក់ចំណូលពីវិស័យទេសចរណ៍ ១,៥ពាន់ពាន់លាន

spot_img

រាជធានីបាងកក ៖ ក្រោយពេលបិទខ្ទប់ប្រទេស ដើម្បីទប់ស្កាត់ការរាតត្បាតពីជំងឺកូវីដ-១៩នោះមក ធ្វើឲ្យថៃខាតបង់ប្រាក់ចំណូលរាប់ពាន់លានដុល្លារ ប៉ុន្ដែនៅពេលនេះ រដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា គ្រោងនឹងបើកប្រទេសឡើងវិញ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ដោយរំពឹងថា នឹងរកបានប្រាក់ចំណូល ពីវិស័យទេសចរណ៍ ចំនួន១,៥ពាន់ពាន់លានបាត (ឬស្មើនឹងជាង៤៤,២ពាន់លានដុល្លារសហរដ្ឋអាមេរិក) នៅឆ្នាំ២០២២។

សារព័ត៌មានថៃ The Nation បានចេញផ្សាយ ដោយដកស្រង់សម្ដីរបស់លោក Thanakorn Wangboonkongchana អ្នកនាំពាក្យ រដ្ឋាភិបាលថៃ ដែលបានបញ្ជាក់ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ថា ថៃ រំពឹងថា នឹងបើករាជធានីបាងកក និង ទីក្រុងនានា នៅក្នុងខេត្តចំនួន៤ឡើងវិញ ដើម្បីទទួលភ្ញៀវទេសចរបរទេស ដោយមិនចាំបាច់ធ្វើចត្ដាឡីស័ក ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។

អ្នកនាំពាក្យ រដ្ឋាភិបាលថៃ បានឲ្យដឹងថា ទីក្រុងដែលកំពុងរង់ចាំបើកឡើងវិញនោះ រួមមាន ទីក្រុង Muang, Mae Rim, Mae Taeng និង ទីក្រុង Doi Tao ស្ថិតក្នុងខេត្ត Chiang Mai, ទីក្រុង Hua Hin ស្ថិតក្នុងខេត្ត Prachuap Khiri Khan, ទីក្រុង Cha-am ស្ថិតក្នុង Phetchaburi ហើយទីក្រុង Pattaya, Bang Lamung និង ទីក្រុងSattahip ស្ថិតក្នុងខេត្ត Chonburi ។ ទីក្រុងទាំងនេះ នឹងត្រូវបើកឲ្យដំណើរការឡើងវិញ ប្រសិនបើមិនមានការឆ្លងកូវីដ-១៩ច្រើន ឬ ឆ្លងជាចង្កោម ចន្លោះពីពេលនេះ រហូតដល់ថ្ងៃទី១ ខែវិច្ឆិកា។ ដោយឡែក លក្ខខណ្ឌ សម្រាប់អ្នកទេសចរបរទេសវិញ តម្រូវឲ្យពួកគេចាក់វ៉ាក់សាំងកូវីដ-១៩ឲ្យគ្រប់ដូស ហើយធ្វើតេស្ដរកឃើញអវិជ្ជមាន នៃកូវីដ-១៩ មុនការមកដល់។

លោក Thanakorn Wangboonkongchana អ្នកនាំពាក្យ រដ្ឋាភិបាលថៃ បានបន្ថែមថា ការបើកឲ្យដំណើរការប្រទេសឡើងវិញនេះ រដ្ឋាភិបាល រំពឹងថា ថៃអាចនឹងរកប្រាក់ចំណូល ពីវិស័យទេសចរណ៍ នៅក្នុងឆ្នាំ២០២២ នឹងកើនដល់១,៥ពាន់ពាន់លានបាត (ជាង ៤៤,២ពាន់លានដុល្លារសហរដ្ឋអាមេរិក)។ ក្នុងចំណោមប្រាក់ចំណូល១,៥ពាន់ពាន់លានបាតនោះ រួមមាន ប្រាក់ចំណូល ៨៥០ពាន់លានបាត (ជាង២៥ពាន់លានដុល្លារ) បានមកពីភ្ញៀវទេសចរថៃ ដែលរំពឹងថា នឹងមានការធ្វើដំណើរ សរុប១៦០លាន ហើយប្រាក់ចំណូល៦៥០ពាន់លានបាត (ជាង១៩,១ពាន់លានដុល្លារ) បានមកពីភ្ញៀវទេសចរបរទេស។

ទោះជាយ៉ាងណា អ្នកនាំពាក្យ រដ្ឋាភិបាលថៃ រូបនេះ បានបន្ថែមទៀតថា ការកំណត់គោលដៅ រកប្រាក់ចំណូល១,៥ពាន់ពាន់លានបាតនេះ គឺស្មើនឹងពាក់កណ្ដាល នៃប្រាក់ចំណូលបានមកពីវិស័យទេសចរណ៍ ដែលរកបាន នៅក្នុងឆ្នាំ២០១៩ មុនពេលការផ្ទុះកូវីដ-១៩ នៅថៃ៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×