ជឿជាក់ថា ប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចហើយ ទាក់ទងផលិតកម្មដ៏ធំឈ្មោះ Galaxy Navatra ដែលត្រៀមនិងបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន ដែលមានចំណងជើងថា «Are you ok» ស្រាប់តែត្រូវបានមហាជនរិះគន់ឡើងកក្រើកបណ្តាញសង្គមតែម្តង។
ពិតណាស់ បទចម្រៀងថ្មីមួយបទនេះ ដែលបកស្រាយដោយតារាស្រីវ័យក្មេងទើបរះថ្មីតែមានភាពល្បីល្បាញខ្លាំង កញ្ញា តន់ ចន្ទសីម៉ា គឺបានបង្ហាញឲ្យឃើញហាក់មិនសមរម្យសោះឡើយ។ ក្នុងនោះ ក្រៅពីអត្ថន័យធ្វើឲ្យមានការយល់ច្រឡំរឿងផ្សេងដែលលឺសូរតែ «Are you ok ផ្លាប់ៗជាមួយខ្ញុំនៅក្នុងបន្ទប់ថ្នាក់រៀន…» មហាជនក៏បានរិះគន់ចំៗ ទៅលើការស្លៀកសម្លៀកបំពាក់បែបសិស្សស្រីជប៉ុន និងជាពិសេស គឺសិស្សប្រើប្រាស់អាវុធនៅក្នុងថ្នាក់រៀនតែម្តង។
តែទោះយ៉ាងណា ក្រោយបទចម្រៀងនេះកំពុងផ្ទុះការរិះគន់យ៉ាងចាស់ៗដៃ ពីសំណាក់មហាជន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបញ្ជាឲ្យអ្នកគ្រប់គ្រងផលិតកម្មគឺលោក យឹម តាស្រង់ លុប Video trailer បទ are you ok ចេញពី Facebook page និង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់ ទៅតាមការស្នើសុំរបស់អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ។
ជាមួយនេះផងដែរ លោក យឹម តាស្រង់ ក៏បានចេញមុខទម្លាយអារម្មណ៍សោកស្តាយបែបនេះថា៖ «បទចម្រៀង១បទដែលចំណាយអស់ជាង៥ម៉ឺនដុល្លាត្រូវបានអ្នកឧកញ៉ាឱ្យខ្ញុំលុបចោលពេលខ្លះគ្រប់ការខិតខំរបស់ខ្ញុំនិងក្រុមការងារមិនប្រាកដថាទទួលបានការសសើរឡើយទោះយើងមានគោលបំណងទៅមុខដ៏វែងឆ្ងាយយ៉ាងណាក្តីព្រោះផែនការថ្មីផលិតកម្ម GALAXY លែងផលិតបទដើម្បីប្រកួតប្រជែងទីផ្សារក្នុងប្រទេសទៀតហើយរីឯអាខោន TikTok គ្រាន់តែ២៤ម៉ោងមានអ្នកចូលមើលដល់ទៅជិត២០លានដង មានទាំងជនជាតិបរទេស Comment យ៉ាងច្រើនគ្រប់យ៉ាងមានតែពាក្យសោកស្តាយហើយខ្ញុំនឹងកែប្រែនូវចំនុចខ្វះខាតមួយចំនួន ហើយកូនចៅខ្ញុំម្នាក់ៗបានខិតខំណាស់សូម្បីខែបុណ្យទានមិនបានសម្រាកផង កំហុសទាំងនេះកូនចៅខ្ញុំពួកគេមិនខុសឡើយគ្រប់យ៉ាងគឺមកពីខ្ញុំជាអ្នកដឹកនាំ ខ្ញុំមានតែពាក្យអរគុណនិងសូមអភ័យទោសបងប្អូនទាំងអស់ដែលគាំទ្រ និងបងប្អូនទាំងអស់ដែលរិះគន់ក្នុងន័យស្ថាបនា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
















