កាលពីពេលកន្លងទៅនេះ មហាជននៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង នៅពេលដែលតារាសម្តែងស្រីសឿ សុធារ៉ា បានជួបរឿងដ៏ស្ទើរតែមិនគួរឲ្យជឿ ដោយមានកូនតុងទីន២នាក់ ក្នុងនោះក៏មានតារាកំប្លែង ស្រីពីន បានចេញព្រលះធ្ងន់ៗថា តារាស្រីរូបនេះក៏ជំពាក់លុយតុងទីនខ្លួនមិនសងដែរ ខណៈ សឿ សុធារ៉ា ក៏បានបកស្រាយថា មិនមែនខ្លួនមិនសងទេ ព្រោះថាមានកូនតុងទីនផ្សេងៗទៀតក៏បានបោកប្រាស់ដេញរួចរត់បាត់ជាហេតុធ្វើឲ្យខ្លួនបង្វិលលុយមិនទាន់។
ប៉ុន្តែ ដោយសារតែឃើញសារព័ត៌មានជាច្រើនចុះផ្សាយព្រោងព្រាត ដែលធ្វើឲ្យខ្លួនស្អុយឈ្មោះកាន់តែខ្លាំង ស្រាប់តែ សឿ សុធារ៉ា អត់ទ្រាំពុំបាន ក៏បានទម្លាយចេញថា កូនតុងទីនដែលជំពាក់លុយខ្លួនមិនសង ក្នុងនោះក៏មានតារាកំប្លែងល្បីឈ្មោះនាង ខ្ញុង និងថែមទាំងបង្ហោះសារជាសាធារណៈ ឲ្យចេញមុខដោះស្រាយថា៖ «សងលុយខ្ញុំមក ទំហំលុយ ថ្ងៃខែជំពាក់ខ្ញុំ» ដែលធ្វើឲ្យនាង ខ្ញុង ឆេះដុំឆ្លើយឆ្លងផ្អើលដាក់ទៅវិញថា «ចេញមុខមកកុំលាក់ខ្លួនអុីចឹងធារ៉ា ចេញមកដោះស្រាយជាមួយខ្ញុំ បញ្ជាក់ឲ្យច្បាស់អ្នកណាជំពាក់អ្នកណា»។
តែទោះយ៉ាងណា ក្រោយរឿងរ៉ាវនេះបានផ្ទុះបែកសាយផ្អើលពេញបណ្តាញសង្គម ខណៈតារាកំប្លែង ខ្ញុង ទាមទារយុត្តិធម៌សម្រាប់ខ្លួន ព្រោះថាខ្លួនមិនបានជំពាក់លុយដូចអ្នកនាង សឿ សុធារ៉ា បានបង្ហោះនៅលើបណ្តាញសង្គមឡើយ ស្រាប់តែនៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ សឿ សុធារ៉ា ជាមេតុងទីនបានបង្ហោះសារថ្មីមួយគួរឲ្យភ្ញាក់ផ្អើល ដោយក្នុងនោះ តារាសម្តែងស្រីរូបនេះ បានធ្វើការសុំទោសជាសាធារណៈគួរឲ្យហួសចិត្តថា ការផុសសារចោទប្រកាន់តារាកំប្លែង ខ្ញុង ជំពាក់លុយមិនសងលើកមុននោះ គឺនាងមានការយល់ច្រឡំថ្ងៃខែខ្លួនឯងប៉ុណ្ណោះ។
ដោយឡែក ខ្ញុង វិញ ក៏បានភ្ជាប់សារសុំទោសពេញៗមាត់របស់ សឿ សុធារ៉ា ដោយបានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «ខ្ញុំត្រូវតែទទួលបានភាពយុត្តិធម៌»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









