Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តី លឹម គានហោ ៖ ក្រសួងធនធានទឹក ត្រៀមខ្លួនជាស្រេចបន្តធ្វើការជាមួយ ADB ដើម្បីជម្រុញការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹក ឲ្យកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មានជំនឿយ៉ាងមុតមាំថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅតែជាដៃគូគាំទ្រ និងសហប្រតិបត្តិការមួយដ៏សំខាន់របស់កម្ពុជា សម្រាប់ការបន្តជួយលើការអភិវឌ្ឍលើគ្រប់វិស័យឲ្យកាន់តែខ្លាំងថែមទៀត ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ហើយក្រសួងធនធានទឹក និងឧតុនិយម ត្រៀមខ្លួនជាស្រេចបន្តធ្វើការជាមួយ ADB ដើម្បីជម្រុញការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹក ឲ្យកាន់តែមានប្រសិទ្ធភាព។

នៅព្រឹកថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញទទួលជួបលោកជំទាវ Sunniya Durrani-Jamal ប្រធានស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ Zoom ដើម្បីជួបពិភាក្សាការងារ និងជម្រាបលា ក្នុងឱកាសដែលលោកជំទាវនឹងបញ្ចប់អាណត្តិការងារនាពេលខាងមុខ ។

លោកជំទាវប្រធានស្ថានតំណាង ADB ប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យលោកជំទាវ និងសហការី បានចូលរួមសំដែងការគួរសម ជម្រាបលា និងរាយការណ៍អំពីការរៀបចំ និងការអនុវត្តយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់ប្រទេសកម្ពុជា២០១៩-២០២៣ ដើម្បីបន្តរួមចំណែកជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សា និងជម្រុញកំណើន និងនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឲ្យមានសន្ទុះទៅមុខជានិច្ច។

លោកជំទាវប្រធាន បានសង្កត់ធ្ងន់ថា ការបន្តជួយសម្រាប់វិស័យធនធានទឹក ដើម្បីបន្តរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែជារបៀបវារៈសំខាន់ និងជាអាទិភាពរបស់ ADB ដែលកិច្ចការនេះ នឹងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើសន្តិសុខទឹក ការធ្វើឲ្យប្រសើរប្រសិទ្ធភាពផ្នែកធារាសាស្រ្ត ការគ្រប់គ្រងទឹកជំនន់និងគ្រោះរាំងស្ងួត ការគ្រប់គ្រងធនធានទឹកចម្រុះសម្រាប់អាងទន្លេ និងការពង្រឹងស្ថាប័នជាដើម ដែលផ្នែកទាំងនេះ បានកំណត់ក្នុងយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់ប្រទេសកម្ពុជា ២០១៩-២០២៣ ។

បន្ទាប់ពីបានសម្តែងនូវការស្វាគមន៍ ចំពោះលោកជំទាវប្រធានស្ថានតំណាង ADB ប្រចាំកម្ពុជា និងសហការី រួចមក ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកប្រកបដោយប្រសិទ្ធភាពរបស់ ADB ដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ច សង្គមនៃកម្ពុជា រហូតមកដល់ពេលនេះ។ សម្រាប់វិស័យធនធានទឹក និងឧតុនិយម ADB បានរួមចំណែកជួយលើការពង្រឹង និងអភិវឌ្ឍស្ថាប័ន ការកសាងសមត្ថភាព ការរៀបចំគោលនយោបាយនិងបទដ្ឋានគតិយុត្តិ ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានទឹក ដូចជាផ្នែកធារាសាស្រ្តជាដើម។

ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវប្រធានស្ថានតំណាង ADB ប្រចាំកម្ពុជា បានសំដែងនូវការពេញចិត្ត ចំពោះជំនួបដែលបានប្រព្រឹត្តទៅ ក្រោមបរិយាកាសរីករាយ ប្រកបដោយភាពស្និទ្ធស្នាល និងទទួលបានលទ្ធផលជាផ្លែផ្កា។

នៅចុងបញ្ចប់នៃជំនួប ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវសេចក្តីសង្ឃឹម និងមានជំនឿយ៉ាងមុតមាំថា “ADB នៅតែជាដៃគូគាំទ្រ និងសហប្រតិបត្តិការមួយដ៏សំខាន់របស់កម្ពុជា សម្រាប់ការបន្តជួយលើការអភិវឌ្ឍលើគ្រប់វិស័យឲ្យកាន់តែខ្លាំងថែមទៀត ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ហើយក្រសួងធនធានទឹក និងឧតុនិយម ត្រៀមខ្លួនជាស្រេចបន្តធ្វើការជាមួយ ADB ដើម្បីជម្រុញការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹក ឲ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយនិរន្តរភាព សម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ច សង្គមនៃកម្ពុជា ប្រកបដោយចីរភាព “៕ រក្សាសិទ្ធិដោយ ៖ កូលាប

×