ភ្នំពេញ ៖ តុលាការឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០២១ នេះ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹង សុំស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន របស់ជនជាប់ចោទ ជនជាតិ បែលហ្ស៊ិកម្នាក់ ដែលត្រូវបាន តុលាការដំបូងរាជធានីភ្នំពេញ កាត់ទោសដាក់ពន្ធនាគារ កំណត់អស់់មួយជីវិត ជាប់ពាក់ព័ន្ធនឹងករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀនឆ្លងដែន ជាងមួយគីឡូក្រាម ពីប្រទេសប្រេហ្សីល មកកម្ពុជា កាលពីអំឡុងឆ្នាំ ២០១៨។
សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចបដិសេធបណ្តឹងសុំដោះលែងស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន របស់ជនជាប់ តែប្រកាសបើកផ្នូវឲ្យជនជាប់ ប្តឹងសាទុក្ខ ទៅកាន់តុលាការកំពុល តាមនីតិវិធី។
លោកស៉ិន វិសាល ជាប្រធានចៅក្រមជំនុំជម្រះ នៃសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ មានឈ្មោះ TANGUY EDDIE J TALLER ភេទប្រុស អាយុ ៣៧ ឆ្នាំ ជាជនជាតិ បែលហ្ស៊ិក ។
ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ធ្នូ ឆ្នាំ ២០១៨ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់អស់់មួយជីវិត និង ពិន័យជាប្រាក់ចំនួន ៨០លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ។
ជនជាប់ចោទ បានប្តឹងជំទាស់មកសាលាឧទ្ធរណ៍ តែតុលាការឧទ្ធរណ៍បានតម្កល់ កាលពីថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២០។
ជនជាប់ចោទ បានដាក់ពាក្យស្នើសុំ ទៅតុលាការឧទ្ធរណ៍រាជធានីភ្នំពេញ និងសុំដោះលែងស្ថិត នៅក្រៅឃុំជាបណ្តោះអាសន្ន។

ជនជាប់ចោទត្រូវបានជាប់ចោទពីបទ” ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ” តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែ តុលា ឆ្នាំ ២០១៨ តាមចម្លើយឆ្លើយដាក់បន្ទុក របស់ជនជាប់ចោទឈ្មោះ Cartry ដែលត្រូវបានចាប់ខ្លួន កាលពីថ្ងៃ០៦ ខែ មករា ឆ្នាំ ២០១៨ នៅចំណុច អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និង ដែលត្រូវបាន តុលាការកាត់ទោសដាក់ពន្ធនាគារកំណត់អស់មួយជីវិតផងដែរ។
ពេលសវនាការ ជនជាប់ចោទ ឈ្មោះ TANGUY EDDIE J TALLER បានឆ្លើយបដិសេធ ចំពោះការចោទ ប្រកាន់ខាងលើ និង អះអាងយ៉ាងដាច់អហង្ការថា គាត់មិនដឹង ឬបានប្រព្រឹត្តអ្វី ដូចការចោទប្រកាន់រូបគាត់នោះឡើយ។
ឈ្មោះ TANGUY EDDIE J TALLER បានសុំឲ្យតុលាការឧទ្ទរណ៍ មេត្តាដោះលែងរូបគាត់ ឲ្យនៅបានក្រៅឃុំបណ្តោះអាសន្ន ពីព្រោះ កូនរបស់គាត់ទើបមាន អាយុ ២ខួបជាង ហើយឪពុក និងម្តាយរបស់គាត់ ក៏មានអាយុកាន់តែច្រើន និងមានជម្ងឺរំារ៉ៃ ប្រចាំកាយទៀតផង៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

