ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០២១នេះ តុលាការឧទ្ធរណ៍រាជធានីភ្នំពេញ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទម្នាក់ ដែលត្រូវបានតុលាការដំបូងរាជធានីភ្នំពេញ កាត់ទោសដាក់ពន្ធនាគារ កំណត់៦ ឆ្នាំ ជាប់ពាក់ព័ន្ធការរក្សាទុក និង ជួញដូរគ្រឿងញៀន ទម្ងន់ជាង ៣៥ក្រាម ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៩។
លោក ងួន រតនា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានឲ្យដឹងថា ជនជាប់ចោទមាន ឈ្មោះ ទុយ ប៊ុណ្ណា ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ មិនពិតប្រាដក ។
ជនជាប់ចោទ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៦ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ១២ លានរៀល ដាក់ចូលក្នុងថវិកា៩ ក្រោមការចោទប្រកាន់ពីបទ រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមបញ្ញតិ្ត មាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តែគាត់ប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការាជធានីភ្នំពេញមកតុលាការ ឧទ្ធរណ៍រាជធានីភ្នំពេញ ។
ជនជាប់ចោទ ទុយ ប៊ុណ្ណា ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៩ នៅសង្តាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលរឹបអូសបាន គ្រឿងញៀន ទម្ងន់សរុប ៣៥,៧២ ក្រាម ។
នាពេលសវនាការ, ជនជាប់ចោទ ប៊ុណ្ណា បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ និង ការកាត់ទោសគាត់ ដាក់គុក ៦ ឆ្នាំ របស់តុលាការដំបូង ។
ប៊ុណ្ណា និយាយថា នៅក្នុងរឿងនេះ, គាត់គ្រាន់តែជនប្រើប្រាស់ គ្រឿងញៀននោះទេ និង មិនមែនជាអ្នកជួញដូរគ្រឿងញៀននោះទេ។
ប៊ុណ្ណា បានសូមសំណូពរ ដល់តុលាការឧទ្ធរណ៍ មេត្តាជួយរកការពិត និង ផ្តល់យុត្តិធម៌ដល់រូបគាត់ផង។
សំណុំរឿងនេះ តុលាការឧទ្ធរណ៍ នឹង ប្រកាសសាលដីកា នៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២១ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

