ភ្នំពេញ ៖ ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងសារលើផេកហ្វេសប៊ុក នាថ្ងៃអង្គារនេះថា បុគ្គលអ្នករំលោភយក អាងទឹក (មេទឹក) សាធារណៈរបស់រដ្ឋទៅធ្វើជារបស់ខ្លួន រួចប្រើថ្នាំគីមី (ថ្នាំពុល) ដាក់ចូលអាងទឹកបំពុលគោរបស់អ្នកស្រុកដែលផឹកទឹកអាងឲ្យងា.ប់ គឺជាជនឧក្រិដ្ឋ ដែលមានទោសរំលោភប្លន់យកសម្បត្តិរដ្ឋផង និងដាក់ថ្នាំបំពុលសម្លាប់សត្វគោជាទ្រព្យឯកជនរបស់ប្រជាពលរដ្ឋផង !

ឯកឧត្តម សួន សេរីរដ្ឋា បានបញ្ជាក់ថា វេទិកាសន្តិភាពកម្ពុជា ដែលមានសមាជិកជាច្រើនគ្រួសារបានរងគ្រោះ បាត់បង់សត្វគោជាច្រើនក្បាល នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយសារអំពើទុច្ចរឹត (ឈ្មោះ ឆេង ផល្លី និង ឆេង បូរ៉ា) ដាក់ថ្នាំគីមី (ថ្នាំពុល) ក្នុងអាងទឹកនេះ អំពាវនាវឲ្យសមត្ថកិច្ចសូមធ្វើការស្រាវជ្រាវចាត់ការតាមច្បាប់លើជនល្មើស និងត្រូវឲ្យជនល្មើសសងសំណងដល់ម្ចាស់គោវិញ ឲ្យបានសមរម្យតាមតម្លៃទីផ្សារ !
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបន្ថែមថា “ច្បាប់ មិនអនុញ្ញាតឲ្យជនល្មើសណាម្នាក់រួចខ្លួនទេ ! ដូចនេះអាជ្ញាធរអ្នកអនុវត្តច្បាប់ ត្រូវតែអនុវត្តច្បាប់ឲ្យស្មើរភាព និងមានប្រសិទ្ធិភាព ដើម្បីផ្តល់យុត្តិធម៌ឲ្យប្រជាពលរដ្ឋម្ចាស់គោទាំងអស់ ! “៕ រក្សាសិទ្ធិដោយ ៖ កូលាប











