តាម SCMP ខ្យល់កន្ត្រាក់មួយដែលមានល្បឿនត្រឹម ៧៥-៨៨ km/h បានធ្វើឲ្យអគារកម្ពស់ ២៣ជាន់ ដែលកំពុងស្ថិតក្នុងដំណាក់កាលសាងសង់នៅ Kaili ខេត្ត Guizhou ប្រទេសចិន កាលពីថ្ងៃទី ៥ ខែមេសា ធ្វើឲ្យផ្ទុះឡើងនូវការជជែកវែកញែកជុំវិញគុណភាពសំណង់នៅប្រទេសនេះ ។
រូបភាពត្រូវបានចែករំលែកលើអ៊ិនធើណេតនៅចិន បង្ហាញឲ្យឃើញពេលខ្យល់បកបោកដំបូងធ្វើឲ្យអគារនេះចាប់ផ្តើមផ្អៀង រួចបង្គោលដែលជាន់ខាងក្រោមក៏ត្រូវបាក់មុនពេលដែលអគារដួលរលំទាំងស្រុង ។ អគារនេះត្រូវបានចាត់ទុកជាអគារគំរូនៅទីក្រុងនោះ ។ សំណាងល្អដែលពុំមានអ្នកស្លាប់ និងរបួសក្នុងព្រឹត្តិការណ៍ខាងលើ ប៉ុន្តែសំណង់គម្រោងមួយនេះនៅសេសសល់តែគំនរឥដ្ឋប៉ុណ្ណោះ។
អគារកម្ពស់២៣ជាន់ត្រូវខ្យល់បោកឲ្យរលំ។
មនុស្សរាប់ពាន់នាក់បានសម្តែងនូវការមន្ទិលសង្ស័យចំពោះគុណភាណនៃសំណង់នេះ ។ អ្នកខ្លះវិភាគថា ខ្យល់កន្ទ្រាក់នេះពុំបានធ្វើឲ្យដើមឈើធំៗនៅទីទួលក្បែរនោះ រលំមួយដើមណាទាំងអស់ ខ្លះទៀតថា នេះជាអគារធ្វើពីតៅហ៊ូ ។
ចំណែករដ្ឋការនៅតំបន់បែរជាប្រកាសថា ពួកគេនឹងពុំស៊ើបអង្កេតស្តង់ដារសុវត្ថិភាពនោះទេ ព្រោះថា អគារស្ថិតក្នុងដំណើរការសាងសង់ ។ មន្ត្រីម្នាក់ពោលថា “យើងខ្ញុំកំពុងត្រួតពិនិត្យកន្លែងកើតហេតុ ហើយអាទិភាពដំបូង គឺការរៀបចំផែនការកសាងអគារនេះឡើងវិញ -នេះឯងគឺជាដើមចមនាំឲ្យមានការជជែកគ្នាបែកផ្សែង” ៕