មហាជនអ្នកលេងបណ្ដាញសង្គម បានស្គាល់រួចហើយ ពីអ្នកលក់ឡេអនឡាញវ័យក្មេងដ៏ល្បីឈ្មោះ អាជី ឃើញថាបានកំពុងមានជីវិតរស់នៅជាមួយភាពមានបានសម្បើមណាស់ ដោយមួយថ្ងៃៗ រូបនាងអាចរកស៊ីលុយហូរដូចទឹក ពីអាជីពលក់ផលិតផលអនឡាញមួយនេះ។ ពិតណាស់ អាជី បានធ្វើឲ្យមហាជនចាប់អារម្មណ៍តាមដានកាន់តែខ្លាំង គឺតាមរយៈសកម្មភាព Live វីដេអូលក់ដោយស្លៀកបពាក់ជាពិសេសញ្ចេញដើមទ្រូងសឹងលើគោក។ ហើយដោយសារតែអាងខ្លួនល្បីខ្លាំង និងអាងឪពុកជាផ្កាយ៣ទៀតផងនោះ អាជី ក៏មិនញញើតមាត់ក្នុងការជេរបញ្ចោទៅកាន់អ្នកទើសឡើយ។
តែទោះយ៉ាងណា ដោយឃើញ អាជី កាន់តែបានដៃខ្លាំងឡើងៗ ខណៈមហាជនក៏បានសំណូមពរឲ្យចាត់វិធានការ កាលពីពេលថ្មីៗនេះ លោកជំទាវ ហ៊ុន សុីណាត ក៏បានធ្វើការព្រមានទៅ អាជី ឲ្យបញ្ឈប់ការស្លៀកពាក់សិុចសុី និងពិសេសនោះ គឺរឿងជេរបញ្ចោគេឯងតែម្តង ហើយបើមិនធ្វើតាមទេ លោកជំទាវនឹងប្តឹងទៅក្រសួងពាក់ព័ន្ធតែម្តង។
ដោយឡែក នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះ ក៏ស្រាប់ឃើញ អាជី បានបង្ហោះរូបភាពមួយសន្លឹក បន្ទាប់ពីបានចូលជួបផ្ទាល់ជាមួយលោកជំទាវ ហ៊ុន ស៊ីណាត និងភ្ជាប់សារពោលពាក្យដោយក្តីត្រេកអរខ្លាំងយ៉ាងខ្លីថា “ជូនពរអោយជំទាវម៉ែ សុខភាពល្អ អាយុវែង”។
ចំណែកលោកជំទាវ ហ៊ុន សុីណាត វិញ ក៏បានបង្ហោះសារបែបនេះផងដែរថា៖ «ថ្ងៃនេះសប្បាយចិត្តបានបងប្អូនកូនក្មួយមកលេងយាយចាស់ខ្ញុំនេះ ក៏ឆ្លៀតពេលវេលាទេសនាមួយគ្រែ ដើម្បីឲ្យយល់ពីព្រះធម៌ស្អី គួរធ្វើស្អីមិនគួរធ្វើ តែកូនមកដល់ផ្ទះឃើញផ្ទាល់ចរិតមារយាទផ្សេងទៅ សូមជូនពរដល់បងប្អូនកូនក្មួយទងអស់ឲ្យមានសុខភាពល្អ និងជោគជ័យលើមុខរបរជំនួញគ្រប់ប្រការ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








