ស្ត្រីជនជាតិវៀតណាមម្នាក់ថា នឹងដាក់ពាក្យបណ្តឹងប្រឆាំងរដ្ឋាភិបាលវៀតណាម បន្ទាប់ពីនាងត្រូវបានអាជ្ញាធរអូ.សចេញពីផ្ទះរបស់នាងទាំងបង្ខំ ដើម្បីយកទៅធ្វើតេស្តរកមេរោគកូវីដ-១៩។
តាមសារព័ត៌មានវៀតណាម បានចុះផ្សាយឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែកញ្ញា ប៉ូលីសនៅទីក្រុងធួនអាន បានចូលទៅក្នុងផ្ទះស្ត្រីម្នាក់ ដើម្បីបង្ខំឲ្យនាងធ្វើតេស្តកូវីដ១៩។ អាជ្ញាធរបានកាត់សោរទ្វារបន្ទប់ផ្ទះស្រ្តីនោះដែលមានឈ្មោះថា Hoang Thi Phuong Lan ហើយអូសនាងទៅកន្លែងធ្វើតេស្តមួយនៅខាងក្រៅផ្ទះ។ កាលពីលើកមុន ស្រ្តីនោះបានប្រាប់អាជ្ញាធរថា នាងបានធ្វើតេស្តអវិជ្ជមានចំពោះកូវីដ១៩។
នាង ឡាន បានបដិសេធចេញធ្វើតេស្ត ខណៈដែលនាងកំពុងបង្រៀនថ្នាក់ Yoga ហើយក៏ត្រូវបានគេរាយការណ៍ថា មិនចង់ទាក់ទងជាមួយអ្នកដទៃនៅកន្លែងធ្វើតេស្ត ដែលមានមនុស្សច្រើន។
វីដេអូឃ្លីបជាច្រើននៃហេតុការណ៍នេះ ត្រូវបានបង្ហោះចូលទៅក្នុងបណ្តាញសង្គម ដែលក្នុងនោះវីដេអូមួយត្រូវបានថតដោយ Lan ផ្ទាល់។ នាង Lan បាននិយាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា “ខ្ញុំមានសិទ្ធិមិនអនុញ្ញាតឱ្យនរណាម្នាក់ប៉ះរាងកាយខ្ញុំ ហើយអ្វីដែលពួកគេបានធ្វើគឺខុសទាំងស្រុងពីទស្សនៈផ្លូវច្បាប់ ហើយវាក៏ផ្ទុយនឹងបទបញ្ជាស្តីពីការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតផងដែរ”។
នាងក៏បានប្រាប់បន្ថែមនៅក្នុងវីដេអូឲ្យដឹងថា ខ្ញុំក៏បានទទួលការផាកពិន័យពីរដ្ឋាភិបាលក្នុងតំបន់ចំនួន ២លានដុង (ប្រហែល ៨៨ ដុល្លារ) ពីបទរំលោភច្បាប់សុខភាព។ តែទោះយ៉ាងណា វាជាការខុសដែលពួកគេសម្រេចចិត្តផ្តល់ការផាកពិន័យដល់ខ្ញុំ ទោះបីពួកគេអាចយកសំណាករបស់ខ្ញុំបានក៏ដោយ។ ដូច្នេះខ្ញុំកំពុងចាត់វិធានការតាមផ្លូវច្បាប់”។
ដោយឡែក នៅក្នុងវីដេអូដែលបានចែករំលែកសារព័ត៌មានមួយ គេអាចឃើញប៉ូលីសបានអូស Lan ចេញពីបន្ទប់របស់នាង ខណៈពេលដែលកូនរបស់នាងត្រូវបានស្រែកយំនៅពីខាងក្រោយ។
បណ្តាមេធាវីរបស់ ឡាន បាននិយាយថា ប៉ូលីសបានរំលោភសិទ្ធិមនុស្សរបស់នាង ហើយរំលោភច្បាប់ទៀតផង។ ក្នុងនោះ មេធាវីម្នាក់ឈ្មោះ Dang Dinh Manh បានពន្យល់ថា ក្រុមប៉ូលីសបានប្រព្រឹត្តអំពើខុសច្បាប់ ដោយចូលផ្ទះរបស់ Lan ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់នាង និងចាប់ខ្លួននាងដោយខុសច្បាប់។ យោងតាមគាត់ ប៉ូលីសបានរំលោភលើក្រឹត្យលេខ ១១៧ នៃឆ្នាំ ២០២០ ដែលអនុញ្ញាតឱ្យអាជ្ញាធរផាកពិន័យអ្នកដែលមានកំហុសចំពោះការរំលោភលើច្បាប់ថែទាំសុខភាព ប៉ុន្តែមិនអនុញ្ញាតឱ្យដាក់ទណ្ឌកម្មដោយបង្ខំ។
ចំណែកមេធាវីម្នាក់ទៀតលោក Hoang Van Huong បានប្រាប់សារព័ត៌មាន Tuoi Tre ថា “ស្ត្រីរងការបង្ខិតបង្ខំ គឺមិនបានទទួលការជូនដំណឹងណាមួយឡើយ ដែលបាននិយាយថាការធ្វើតេស្តរកមេរោគកូវីដ -១៩ គឺជាកាតព្វកិច្ច។ លើសពីនេះទៀត មានក្មេងម្នាក់នៅក្នុងផ្ទះបានស្រែកយំ ហើយស្ថិតក្នុងស្ថានភាពភ័យស្លន់ស្លោ ដោយសារតែពួកគេបានបំបែកសោទ្វារ និងចាប់ម្តាយរបស់គេ។ ការប៉ះទង្គិចផ្លូវចិត្តអាចប៉ះពាល់ផ្លូវចិត្តរយៈពេលវែងរបស់កុមារ”។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក Vo Thanh Quan លេខាបក្សកុម្មុយនិស្តថានអាន បានចុះកាន់ផ្ទះរបស់ Lan ដើម្បីសុំទោសនាងចំពោះហេតុការណ៍ដ៏មិនគួរគប្បីដែលបានកើតឡើងនេះផងដែរ។ តែទោះយ៉ាងណា Lan បាននិយាយថា នាងនឹងប្រឹក្សាជាមួយមេធាវីរបស់នាង អំពីការដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ ប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






