ដូចដែលប្រិយមិត្តបានភ្ញាក់ផ្អើលរួចហើយ និងក៏ស្ទើរតែមិនគួរឲ្យជឿ ខណៈនៅសុខៗ ស្រាប់តែតារាកំប្លែងស្រីល្បីឈ្មោះនាង ខ្ញុង បានចេញមកប្រកាសរៀបរាប់ទាំងទឹកភ្នែកទឹកសំបោរ នៅឯសាលាដំបូងរាជធានីភ្នំពេញ ថាខ្លួនកំពុងជំពាក់បំណុលគេជុំវិញទិសរហូតជាង ៥០ ម៉ឺនដុល្លារ ហើយពេលនេះ អស់លទ្ធភាពសងហើយ ដោយបានលក់អស់ម៉ូតូ ផ្ទះ ឡាន គ្មានសល់អ្វីនោះទេ។
ពិតណាស់ ខណៈចូលខ្លួនដោយខ្លួនឯងគួរឲ្យភ្ញាក់ផ្អើល នៅឯសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នាង ខ្ញុង បានប្រកាសជាសាធារណៈយ៉ាងដូច្នេះថា៖ ៃថ្ងនេះ ខ្ញុំមកសាលាដំបូង ដាក់បណ្តឹងដោយខ្លួនឯង ប្រកាសថាក្ស័យធនហើយ អស់ពីខ្លួនហើយ គ្មានផ្ទះសម្បែង ម៉ូតូ ឡាន ដើម្បីដោះបំណុលតទៅទៀតទេ។ ហេតុនេះ សូមម្ចាស់បំណុល មិនថាជនជាតិខ្មែរ និងចិន ដែលរូបនាងខ្ញុំជាប់ពាក់ព័ន្ធជាមួយ សូមមេត្តាទុកពេលឲ្យនាងខ្ញុំ ដោះស្រាយទៅតាមលទ្ធភាពរកស៊ីបន្តផងចុះ និងក៏សូមកុំយកការប្រាក់បន្តទៀតអី។ ខ្ញុង បានបញ្ជាក់ប្រាប់ឲ្យដឹងថា ទំហំបំណុលរយៈពេល ៣ ឆ្នាំ (បំណុលផ្ទះ បំណុលឡានបង់រំលោះ និងបំណុលសព្វគ្រប់ផ្សេងៗទៀត) សរុបទាំងអស់គឺជាង ៥៧ ម៉ឺនដុល្លារ ខណៈបង់ទាំងការប្រាក់ក្នុង១ខែ គឺជាង៤ម៉ឺនដុល្លារ…។
តែទោះយ៉ាងណា ក្រោយឃើញ ខ្ញុង បានចេញមកសម្រក់ទឹកភ្នែកក្នុងស្ថានភាពបែបនេះ ក៏បានធ្វើឲ្យមនុស្សមួយចំនួនមិនជឿសោះឡើយ ដោយថា ខ្ញុង សម្តែងតែម្តង។ ក្នុងនោះ អ្នកលេងបណ្តាញសង្គមខ្លះ បាននិយាយទាំងហួសចិត្តបែបនេះថា៖ «ចុះឡើងៗ Prank !!! , សំដែងសមណាស់ខ្មែរយើងឥលូវ នៅប៉ុន្មាននាក់ទៀតដែលអាចធេី្វបាន, អស់ពីរឿងស៊ីដំបងយក្ស ឥឡូវរឿងជំពាក់លុយទៀត។ កណ្តុរតូចផ្ទះលេខ1 ផ្លូវសុខដុមរមនា, គាត់រកសុីអីដែរបានសក្សុយ័ធន? សុំឯកសារយោង,…»។ រីឯអ្នកខ្លះទៀត ក៏បានផ្តាំទៅអ្នកជួយតាម ABA ថា៖ «ណាគេអោយភ្លើសុទ្ធ, ម្នាក់ 1$ 50មុឺននាក់ 50មុឺនដុល្លារ កន្លះខែក្រោយ 570 វីឡាទោល, ពេលរកបានហ៊ឺហាដូចព្រះនាង សំរាប់តារាមួយចំនួន ពេលមានបញ្ហារករាស្ត្រក្រីក្រជួយ អ្នកជួយយកអាសាជិះម៉ូតូកញ្ចាស់ អ្នកយំសោកឡឹចស៊ីស KURO»។
គួរបញ្ជាក់ថា នេះគ្រាន់តែជាលើកឡើងយល់ឃើញរបស់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមប៉ុណ្ណោះ ហើយការពិត ឬយ៉ាងណា គឺមានតែសម៉ីខ្លួននាង ខ្ញុង ទេ ដែលដឹងខ្លួនឯងច្បាស់ថា រូបនាងពិតជាជំពាក់គេប្រាកដមែន!?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











