ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ផ្តើមយុទ្ធនាការបើកថវិកា ដល់កម្មករនិយោជិត ដែលម្ចាស់រោងចក្ររត់ចោល ចំនួន៤គឺ៖ រោងចក្រ ហ្គ្រេតអននើ រោងចក្រ អ៊ីហ្វា រោងចក្រ ប៊ីណូ និង រោងចក្រ ជុងហ្វៃ ដែលមានកម្មករនិយោជិត សរុបចំនួន២៥៤២នាក់។
គួរបញ្ជាក់ដែរថា ការបើកថវិកាដល់កម្មករនិយោជិត ដែលម្ចាស់រោងចក្ររត់ចោលនេះ ជាជំហានដំបូង គឺមាន៤រោងចក្រ ធ្វើឡើងក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃចន្ទ ទី៩ ខែមេសា នេះរហូតដល់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨។ សម្រាប់រោងចក្រដទៃទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងជូនដំណឹងនៅពេលក្រោយទៀត។ ការបើកប្រាក់នេះទៀតសោត គឺត្រូវគិតទៅតាមកិច្ចសន្យាការងារ មានថិរវេលាកំណត់ និងកិច្ចសន្យាការងារ មិនមានថិរវេលាមិនកំណត់ ហើយនឹងអតីតភាពការងារ។
ជាមួយគ្នានេះផងដែរ ក្រៅពីការបើកថវិកា ជូនបងប្អូនកម្មករនិយោជិត ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបើកបេសកកម្មទទួលចុះឈ្មោះ ស្វែងរកការងារ សម្រាប់អ្នកដែលមិនទាន់ រកការងារបានធ្វើនៅឡើយ នៅតាមទីតាំងដែលពួកគាត់ មកទទួលថវិកា ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ចំណាត់ការខាងលើនេះ បានធ្វើឡើងភ្លាមៗ តបតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានណែនាំដល់ក្រសួង និងមន្ត្រីពាក់ព័ន្ធ ដោះស្រាយបញ្ហានេះ ជូនកម្មករ-កម្មការិនី នៅពេលដែលជួបបញ្ហាការងារ។
នៅថ្ងៃទី៩ ខែ មេសា ឆ្នាំ២០១៨នេះ លោក ប្រាក់ ចាន់ធឿន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម តាមមុខសញ្ញា និងជាអគ្គលេខាធិការក្រសួងការងារ និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានលេខាធិការដ្ឋានដោះស្រាយកូដកម្ម បាតុកម្ម តាមមុខសញ្ញាប្រចាំខណ្ឌមានជ័យ បានជួបសំណេះសំណាល និងបើកប្រាក់បុរេប្រទានរបស់ រាជរដ្ឋាភិបាល ជូនបងប្អូនកម្មករ-កម្មការិនី រោងចក្រ ជុងហ្វៃ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលថៅកែរោងចក្ររត់ចោល។
លោក ឌី រ័ត្នខេមរុណ បានប្រាប់ថា កម្មករ-កម្មការិនី ត្រូវទទួលបានប្រាក់ខែពីឆ្នាំ២០១៦ មកម្ល៉េះ ហើយពួកគាត់ដែលទទួលបានប្រាក់បុរេប្រទាន ពីរាជរដ្ឋាភិបាល ចំនួន ២១៨នាក់ ក្នុងម្នាក់ៗទទួលបាន ពី១៣០០ដុល្លារ ដល់១៦០០ដុល្លារ ដែលបានទទួលថវិកាបុរេប្រទានពីរាជរដ្ឋាភិបាលសរុប៣០៣.១៩៦ដុល្លារ៕ ដោយ ៖ បញ្ញាស័ក្តិ