ជឿថា ប្រិយមិត្តបានស្គាល់រួចហើយ ពីតារាកំប្លែងប្រុសដ៏ល្បីឈ្មោះ គឺនាយ តាក់សុី ដែលធ្លាប់ជាតារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ CTN មួយរូប ដែលតែងតែធ្វើឱ្យមហាជនបានសើចសប្បាយរំសាយទុក្ខកង្វល់ និងក៏ដូចស្រឡាញ់គាំទ្ររូបលោកគ្រប់ៗគ្នា តាមរយៈទេពកោសល្យសម្តែងពោរពេញដោយការកំប្លុកកំប្លែង ជាមួយភាពក្រមិចក្រមើមរបស់លោក។
តែទោះយ៉ាងណា នាយ តាក់សុី បានត្រូវព្រាត់ប្រាស់ភរិយានាង ភឹម ដែលជាតារាកំប្លែងដូចគ្នាគួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីរូបលោកបានសម្រេចចិត្តទៅសាងភ្នួសជាព្រះសង្ឃអស់មួយជីវិត ដោយសារតែជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃប្រចាំកាយអស់ពេលច្រើនឆ្នាំ និងមាននិស្ស័យក្នុងផ្លូវលោក តាំងពីវ័យកុមារមក។
ជាការពិតណាស់ នាយ តាក់សុី ក្រោយពីបានទៅសាងភ្នួសជាព្រះសង្ឃ នៅវត្តថ្មីដងទង់ខេត្តកំពង់ស្ពឺ បានមួយរយៈខ្លី ក៏បានលាចាកសិក្ខាបទមកវិញ ហើយក៏ត្រូវជួបជីវិតតែលតោលគ្មានផ្ទះសម្បែងនៅ ព្រោះតែប្រពន្ធ (នាង ភឹម) បានកាត់កាលចោល និងទៅពឹងស្នាក់អាស្រ័យនៅផ្ទះមិត្តរួមអាជីព នាយក្រូច។
ក្រោយមក អន្ទិត តាក់សុី បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងតែម្តង ខណៈសឹកមិនបានប៉ុន្មានខែផង ក៏ស្រាប់តែបានប្រែជីវិតដ៏មិននឹកស្មាន ក្លាយជាថៅកែដីឡូតិ៍ និងថៅកែលក់ឡាន ទៀតផង។
តែទោះយ៉ាងណា ថ្មីៗនេះ ស្រាប់តែលេចធ្លាយនៅលើផេកសិល្បករកម្ពុជា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលស្ទើរមិនគួរឲ្យជឿ ដោយបានបញ្ជាក់ឲ្យដឹងថា តារាកំប្លែងធ្លាប់ល្បី នាយ តាក់សុី ដែលឃើញលេចមុខមាត់យ៉ាងហុឺហា ក្លាយជាថៅកែលក់ដីឡូត៍ផង និងជាថៅកែលក់ឡានផង បែរជាធ្លាក់ខ្លួនខ្វះខាតជីវភាពខ្លាំង និងកំពុងរស់នៅផ្ទះជួលគេ ហើយពេលនេះ លោករកលុយសឹងតែបង់ថ្លៃផ្ទះជួលមួយខែ ៦០ ដុល្លារ មិនចង់បាន។ ជាការពិតណាស់ ផ្តល់បទសម្ភាសន៍ជាមួយលោក អុឹម ជីវ៉ា តារាកំប្លែងរូបនេះ បានទម្លាយប្រាប់ត្រង់ៗថា អ្វីៗទាំងអស់ដែលមហាជនឃើញរូបលោកហាក់មានជីវភាពធូរធារសម្បើមខ្លាំងនោះ គឺសុទ្ធតែជាកិត្តិយសក្លែងក្លាយប៉ុណ្ណោះ ព្រោះតាមពិតទៅ រូបលោកគ្រាន់តែឈរឈ្មោះតំណាងឲ្យម្ចាស់ដីឡូត៍គេ និងម្ចាស់ការ៉ាស់លក់ឡានគេប៉ុណ្ណោះ។
ជាមួយគ្នានេះផងដែរ អតីតតារាកំប្លែងរូបនេះ ក៏សូមធ្វើការអំពាវនាវដល់អ្នកដឹកនាំថតកម្មវិធីផ្សេងៗ ជួយហៅលោកថតផង ដើម្បីរកបានប្រាក់កម្រៃផ្គត់ផ្គង់ជីវិតខ្លួនឯងផង និងត្រូវរ៉ាប់រងចិញ្ចឹមម្ដាយនៅឯស្រុកថែមទៀតផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







