Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា កំណត់ទំហំនៃការខ្ចីប្រាក់ ពីដៃគូអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០២២ ក្នុងកម្រិត ១ ៦០០ លានSDR

spot_img

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទំហំនៃការខ្ចីប្រាក់ ពីដៃគូអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០២២ ក្នុងកម្រិត ១ ៦០០ លានSDR គឺកើនឡើង១០០លានSDR ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១ ដោយឈរលើមូលដ្ឋាន នៃការគិតគូរ និងផ្អែកទៅលើទិដ្ឋភាពសំខាន់ៗមួយចំនួន​ ខណៈសន្និធិបំណុលសាធារណៈក្រៅប្រទេស គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាជំពាក់សរុបចំនួន ៩,១៨៨.៩១ លានដុល្លារអាម៉េរិក ។ នេះយោងបើតាមខ្លឹមសារសង្ខេប សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២២ខែតុលាឆ្នាំ២០២១។

ក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ៖​ ក្នុងការគ្រប់គ្រងបំណុលសាធារណៈ, រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវគោលការណ៍គន្លឹះចំនួន ៥ខាងក្រោម៖ (១)- ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន (២)- ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់ (៣)- ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពកម្ពុជា សេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម​ ៤)- ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្ដិសិទ្ធភាព ខ្ពស់បំផុត (៥)- ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគ សាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍ជាតិនៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន,និងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។

នៅឆ្នាំ ២០២២ រាជរដ្ឋាភិបាល គ្រោងនឹងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូង ចំនួន ៣០០ លាន ដុល្លារអាមេរិក ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និង ផលិតភាព សេដ្ឋកិច្ច រួមមាន គម្រោងស្តារសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និង គម្រោង ប្រព័ន្ធបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជាដើម ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០២២ ក្នុងកម្រិត ១ ៦០០ លានSDR គឺកើនឡើង១០០លានSDR ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១ ដោយឈរលើមូលដ្ឋាន នៃការគិតគូរ និងផ្អែកទៅលើទិដ្ឋភាពសំខាន់ៗមួយចំនួនដែលរួមមាន៖ (១)-ទំហំនៃតម្រូវការវិនិយោគសាធារណៈ មានការកើនឡើងជាគំហុក ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ឆ្លើយតបនឹងបរិការណ៍នផលប៉ះពាល់ ពីការរីករាលដាលជំងឺកូវីដ-១៩,(២)-គម្រោងអភិវឌ្ឍន៍ដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ ២០២១ ជាគម្រោងវិនិយោគសាធារណៈក្នុងវិស័យអាទិភាព (ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង ការបង្កើនផលិតភាព សេដ្ឋកិច្ច និងផលិតភាពផលិតកម្ម) ហើយដែលចេះតែរំកិលពីឆ្នាំមុនៗមក តែមានចរិតយុទ្ធសាស្ត្រក្នុងការទ្រទ្រង់ ដល់ចីរភាពនៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម និងវែង, (៣)-ឥណទានមានកម្រិតសម្បទានខ្ពស់, (៤)-ស្ថានភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្ន និងក្នុងរយៈពេលមធ្យមនៅតែមាន “ចីរភាព” និង “ហានិភ័យ កម្រិតទាប” និង (៥)-ការបន្តបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងអនុវត្តគម្រោង។

ជារួម ការកំណត់ពិតានក្នុងការខ្ចីថ្មីសម្រាប់ឆ្នាំ ២០២២ ក្នុងកម្រិត ១ ៦០០ លានSDR គឺដើម្បីឱ្យ រាជរដ្ឋាភិបាលអាចចុះហត្ថលេខាខ្ចីប្រាក់ពីគេសម្រាប់ហិរញ្ញប្បទានកម្មវិធី/គម្រោងវិនិយោគសាធារណៈចំនួន ៣៥ ដែលរួមមាន៖ សាធារណរដ្ឋប្រជាមានិតចិនចំនួន ៦គម្រោង, ព្រះរាជាណាចក្រថៃចំនួន ១គម្រោង, ប្រទេសជប៉ុនចំនួន ៣គម្រោង, សាធារណរដ្ឋកូរ៉េចំនួន ៥គម្រោង, សាធារណរដ្ឋបារាំងចំនួន ៥គម្រោង, ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ចំនួន ១គម្រោង, ធនាគារអភិវឌ្ឍន៍អាស៊ីចំនួន ៩គម្រោង, ធនាគារពិភពលោកចំនួន ៣គម្រោង, ធនាគារវិនិយោគអឺរ៉ុបចំនួន ១គម្រោង, ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីចំនួន ១គម្រោង, និង ដោយបែងចែកតាមវិស័យ ដូចខាងក្រោម៖

វិស័យថាមពលចំនួន ៩ គម្រោងគឺ៖ គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់អគ្គិសនី ជំហានទី១, គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់អគ្គិសនី ជំហានទី២, គម្រោងពង្រីកខ្សែបញ្ជូនអគ្គិសនីជនបទ ជំហានទី៨, គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញ ជំហានទី២, គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនី, គម្រោងសាងសង់ខ្សែបញ្ជូន ១១៥គីឡូវ៉ុល បារាយណ៍-ស្ទឹងត្រង់, គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ ជំហានទី២, និងកម្មវិធីអភិវឌ្ឍន៍ប្រសិទ្ធភាពវិស័យថាមពល;

វិស័យធារាសាស្ត្រចំនួន ៥ គម្រោងគឺ ៖ គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ខេត្តកំពង់ធំ, គម្រោង អភិវឌ្ឍន៍ទំនប់ដូនទ្រីនៅខេត្តបាត់ដំបង (ហរិញ្ញប្បទានបន្ថែម)គម្រោងស្តារឡើងវិញស្ទឹងស្វាយ ចេក, កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្ម ជំហានទី២, និងគម្រោង ជួសជុល និងស្ដារផលប៉ះពាល់ពីទឹកជំនន់ឆ្នាំ ២០២០;

វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចំនួន ៧ គម្រោងគឺ៖ គម្រោងសាងសង់ស្ពានទន្លេមេគង្គ និងផ្លូវ តភ្ជាប់ ខេត្តក្រចេះ, គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ (ស្ពន់-កំពង់ចាម), គម្រោងរៀបចំច្រក ទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ ជំហានទី២, គម្រោងធ្វើឱ្យប្រសើរឡើងនូវ កំណាត់ផ្លូវជាតិលេខ៥ ពីធ្លាម្អម ខេត្តពោធិ៍សាត់-ក្រុងបាត់ដំបង និងពីក្រុងសិរីសោភ័ណ (កញ្ចប់ ឥណទាន់ ដំណាក់កាលទី៣), គម្រោងកែលម្អបណ្តាញតភ្ជាប់ជនបទដោយចីរភាព, គម្រោង សាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ, និងគម្រោងលើកកម្ពស់សមត្ថភាពបន្សំនៅជនបទ;

វិស័យសុខាភិបាលចំនួន ៣ គម្រោងគឺ៖ គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្ត, គម្រោង ពង្រឹងវិស័យសុខាភិបាលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងមហាអនុតំបន់មេគង្គ, និង គម្រោងលើក កម្ពស់គុណភាព និងសមធម៌សុខាភិបាល ជំហានទី២;

វិស័យអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ២ គម្រោងគឺ៖ គម្រោងបណ្តុះបណ្តាលជំនាញ សម្រាប់តម្រូវការសេដ្ឋកិច្ចពេលអនាគត, និងគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅមធ្យមសិក្សា ទុតិយភូមិ;

វិស័យកសិកម្មចំនួន ៣ គម្រោងគឺ៖ កម្មវិធីអភិវឌ្ឍន៍កសិកម្មតំបន់ពឹងលើទឹកភ្លៀងសម្រាប់ប្រទេស កម្ពុជា, គម្រោងនេសាទនៅតាមតំបន់ឆ្នេរប្រកបដោយនិរន្តរភាព, និង គម្រោងផលិតកម្មសត្វ ឆ្លងដែននិងការជំរុញខ្សែច្រវ៉ាក់ផលិតកម្មមហាអនុតំបន់មេគង្គ;

វិស័យអាទិភាពផ្សេងទៀតចំនួន ៦ គម្រោងគឺ៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រុះទឹកកខ្វក់ ក្រុង តាខ្មៅ (ឥណទានបន្ថែម)កម្មវិធីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អនុកម្មវិធីទី២, គម្រោងគាំទ្រការសិក្សាសមិទ្ធិលទ្ធភាពនិងការអនុវត្តគម្រោង, កម្មវិធីជំរុញពាណិជ្ជកម្ម និង ការប្រកួតប្រជែង អនុកម្មវិធីទី១, គម្រោងគ្រប់គ្រងធនធានធម្មជាតិ, គម្រោងសេដ្ឋកិច្ចឌីជីថល និងការវិនិយោគលើការប្រកួតប្រជែងនៅកម្ពុជា។

គួរគូសបញ្ជាក់ថា ការបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូង និងការខ្ចីក្នុងទំហំខាងលើនេះ នឹងមិន បង្កើតជាបន្ទុកបំណុលវ័ណ្ឌករដល់កម្ពុជាទេ ពោលគឺជាទិដ្ឋភាពបច្ចេកទេស ស្ថានភាពបំណុលសាធារណៈ កម្ពុជានៅតែត្រូវបានវាយតម្លៃថាមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប ដដែល ដោយរាល់សូចនាករ បំណុលគន្លឹះៗ របស់កម្ពុជា សុទ្ធតែស្ថិតក្រោមអនុបាតគោលទាំងអស់។

សូមជម្រាបថា សន្និធិបំណុលសាធារណៈក្រៅប្រទេស គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាជំពាក់សរុបចំនួន ៩,១៨៨.៩១ លានដុល្លារអាម៉េរិក ដោយក្នុងនោះកម្ពុជាជំពាក់ពហុភាគី ៣០,១៣ភាគរយ។ ចិនជាម្ចាស់បំណុលធំរបស់កម្ពុជា ដែលមានរហូតដល់ទៅចំនួន ៤៣,៧៨ភាគរយនៃបំណុលសរុប។ ជប៉ុន៨,៩១ភាគរយ។ សាធារណរដ្ឋកូរ៉េ ៥,០៤ភាគរយ។ បំណុលទ្វេរភាគីផ្សេងទៀត ៥,៣៨ភាគរយ និងបំណុលមរតកដែលកំពុងចរចាដោះស្រាយ៦,៧៥ភាគរយ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×