តារាអុិនធើរណែតស្រីចិនម្នាក់ដែលមានឈ្មោះថា Luo Xiao Mao Mao Zi បានស្លា.ប់ក្នុងអាយុ ២៥ ឆ្នាំ បន្ទាប់ពីលេបថ្នាំសម្លាប់សត្វល្អិត ក្នុងកំឡុងពេលផ្សាយផ្ទាល់នៅលើឌូយិន កាលពីថ្ងៃព្រហស្បតិ៍ទី ១៤ ខែតុលា ឆ្នាំ២០២១។
ទោះបីជា Luo ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយកើតហេតុ ប៉ុន្តែគ្រូពេទ្យមិនអាចជួយសង្គ្រោះនាងបានទេ ហើយនាងក៏បានស្លា.ប់នៅថ្ងៃបន្ទាប់។
មុនពេលការផ្សាយផ្ទាល់ Luo ដែលមានអ្នកតាមដាននៅលើ Douyin ជាង ៦៧៨,០០០ នាក់ បានចែករំលែកវីដេអូមួយ ដោយនិយាយថា នេះប្រហែលជាវីដេអូចុងក្រោយរបស់នាង ហើយនាងក៏បានអរគុណយ៉ាងខ្លាំង ទៅដល់អ្នកគាំទ្រដែលតែងតែគាំទ្រសម្រាប់រូបនាង។
នៅក្នុងឃ្លីបនោះ នាងបានបង្ហាញថា នាងមានជំងឺធ្លាក់ទឹកចិត្តអស់រយៈពេលជាយូរមកហើយៗ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាងពីរខែមុន។
នាងនិយាយថា “ខ្ញុំហាក់ដូចជាសប្បាយចិត្ត ប៉ុន្តែនេះគឺសម្រាប់ការសម្តែង។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងសប្បាយចិត្ត នៅពេលដែលបានមើលវីដេអូរបស់ខ្ញុំ ហើយនឹងឃើញថា ខ្ញុំសប្បាយចិត្តផងដែរ។ ប៉ុន្តែ ខ្ញុំមិនអាចទ្រាំបានទៀតទេ”។
ទោះបីជា Luo ធ្លាប់បានចែករំលែកថា នាងមិនអាចចាកចេញពីអតីតមិត្តប្រុសរបស់នាង ហើយពេលខ្លះមានអារម្មណ៍ធ្លាក់ទឹកចិត្តក៏ដោយ ក៏គ្រួសាររបស់នាងបាននិយាយថា នេះមិនមែនជាហេតុផលដែលនាងត្រូវជ្រើសបញ្ចប់ជីវិតខ្លួនឯងនោះទេ។
ផ្ទុយទៅវិញ ពួកគេបានស្តីបន្ទោសថា ការស្លាប់របស់នាង គឺដោយសារនាងត្រូវបានគ្រប់គ្នាបញ្ជោរឲ្យផឹកថ្នាំសម្លាប់សត្វល្អិត។ ជាក់ស្តែង តាមររូបថតអេក្រង់បានបង្ហាញ Luo កាន់ដបថ្នាំសំលាប់សត្វល្អិត ខណៈអ្នកនិយមលេងអ៊ីនធឺណេតបានលើកទឹកចិត្តនាងឱ្យ “ផឹកវាឱ្យលឿន”។
យោងតាមកាសែត Global Times អ្នកលេងអ៊ីនធឺណិតម្នាក់ដែលអះអាងថាជាមិត្តរបស់ Luo បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា តារាអុិនធឺណិតរូបនេះ មិនមែនគម្រោងធ្វើអត្តឃាតទេ ប៉ុន្តែនាងចង់ទាក់ទាញការចាប់អារម្មណ៍អតីតមិត្តប្រុសរបស់នាង។
មិត្តភក្តិរូបនោះ ក៏បានឲ្យដឹងផងដែរថា ថ្នាំសម្លាប់សត្វល្អិតនេះត្រូវបានលាយជាមួយភេសជ្ជៈ ហើយ Luo បានផឹកវា ព្រោះអ្នកលេងអ៊ីនធឺណេត កំពុងលើកទឹកចិត្តនាងឱ្យធ្វើដូច្នេះ ហើយទន្ទឹមនោះ Luo ក៏បានទូរស័ព្ទទៅប៉ូលីស និងរថយន្តសង្គ្រោះបន្ទាន់ដោយខ្លួនឯង បន្ទាប់ពីការផ្សាយផ្ទាល់បានបញ្ចប់។
មិត្តភក្តិរបស់ Luo បាននិយាយថា សាកសពរបស់នាងត្រូវបានបូជា ហើយពួកគេសង្ឃឹមថា អ្នកដែលធ្វើឱ្យនាងស្លា.ប់ដោយប្រយោល នឹងចេញមុខមកសុំទោស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង