ប្រិយមិត្តបានបានស្គាល់ហើយ លោក សុខ មេសា ហៅ នាយ ចឺម ត្រូវបានមហាជនជនចាត់ទុកថា ជាតារាចម្រៀងវ័យក្មេងលំដាប់ទី១ នៅក្នុងផលិតកម្មថោន ព្រោះថា តារាចម្រៀងរូបនេះ ដែលបានវិវត្តន៍ខ្លួនដោយសារទេពកោសល្យពីសិល្បៈកំប្លែង កំពុងទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យ។
ពិតណាស់ ដោយសារតែមានឈ្មោះល្បី និងថែមទាំងអាចរកចំណូលបានដ៏មិនធម្មតា ដោយសារវិស័យសិល្បៈ តារាចម្រៀងវ័យក្មេងរូបនេះ ក៏បានឆក់យកបេះដូងនារីជាច្រើននាក់លង់ស្នេហ៍ជាមួយផងដែរ។ តែទោះយ៉ាងណា នាយ ចឺម ហាក់មិនសមប្រកបនឹងគូស្នេហ៍សោះ ពោលគឺ ប្រៀបដូចភ្លើងចំបើង និងក៏ត្រូវបានដឹងថា បានឆ្លងកាត់ការបែកបាក់គូស្នេហ៍អស់ ៣ នាក់ រួចមកហើយ។
ទោះជាយ៉ាងណា នាយចឺម ហាក់មិនទុកឲ្យខ្លួនឯងឯកោយូរឡើយ ដោយនៅពេលនេះ លោកអាចរកបាននារីថ្មីម្នាក់ទៀត ដែលមានរូបសម្រស់មិនចាញ់គូស្នេហ៍របស់លោកមុនៗនោះទេ ហើយអ្នកទី៤នេះ នាយ ចឺម ពិតជាស្រឡាញ់ជាងអ្នកមុនៗយ៉ាងខ្លាំង និងថែមទាំងនិយាយថា៖ «ដើម្បីថ្លៃទឹកដោះកូនស្រីគេ មានតែខំទេកំលោះៗគ្នាយើង»។
តែក៏សូមបញ្ជាក់ផងដែរថា គូស្នេហ៍ទី៤ របស់នាយ ចឺម ដែលមានឈ្មោះថា សេង សុឃីម គឺជាមេម៉ាយរូបស្រស់ស្អាត និងមានកូនប្រុសម្នាក់អាយុប្រហែល ៥, ៦ឆ្នាំ ហើយ។ ជាក់ស្តែង ថ្មីៗនេះ អ្នកនាង សុឃីម បានបង្ហោះរូបថតជាមួយកូនប្រុស ដោយបានពោលពាក្យយ៉ាងដូច្នេះថា៖ ពេលនេះខ្ញុំចាស់ទំគ្រប់គ្រាន់ហើយ អាយុខ្ញុំក៏មិនតិចដែរ ដូច្នេះ ខ្ញុំមិនមានពេលទៅខ្វល់ពីអ្នកណា ស្រឡាញ់ ឬស្អប់ខ្ញុំនោះដែរ ខ្ញុំអត់មានពេលទៅខូចចិត្តព្រោះតែមនុស្សដែលមិនឱ្យតម្លៃខ្ញុំដូចគ្នាពេលវេលានៅពេលនេះគឺ ធ្វើយ៉ាងណាដើម្បីសាងអនាគតមួយដ៏ល្អសម្រាប់ខ្លួនឯងនិងកូនប្រុសខ្ញុំ មានពេលវេលាគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ខ្ញុំមានពេលសម្រាប់តែមនុស្សដែលគោរព ស្រឡាញ់ និងមើលឃើញពីតម្លៃខ្ញុំតែប៉ុណ្ណោះ។ ហើយជាមួយគ្នានោះផងដែរ អ្នកនាង សុឃីម ក៏បានបញ្ជាក់ពីការបែកបាក់ជាមួយអតីតស្វាមីយ៉ាងដូច្នេះថា៖ មិនមែនមានតែយើងទេដែលជួបរឿងបែបនេះ តែសុំឲ្យយើងបែកគ្នាដោយរីករាយនិងស្នាមញញឹម ហើយពួកយើងនៅតែជាមិត្តល្អបំផុត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


























