មហាជនពិតជាមានការភ្ញាក់ផ្អើល និងស្ទើរតែមិនចង់ជឿ ខណៈស្ងាត់ៗ ស្រាប់តែមេធាវីអ្នកស្រី ទ្រី ដាណា បានជូនលិខិតអញ្ជើញឲ្យកញ្ញា រ៉ូស ចូលខ្លួនមកបំភ្លឺ ទាក់ទងករណីទើសភ្នែកចូលទៅ Comment រិះគន់ទៅលើការស្លៀកពាក់របស់អ្នកស្រី ទ្រី ដាណា ដោយបាននិយាយបែបនេះថា៖ ចែស្អាតណាស់ តែចែនៅខ្វះខាតការតុបតែងខ្លួន ប្អូនចង់អោយបងតុបតែងខ្លួនមើលទៅសុីវីល័យ សាកសមនឹងទ្រព្យសម្បត្តិដែលបងមាន ប្អូនរិះគន់ដើម្បីស្តាបនា ព្រោះស្រលាញ់ទឹកចិត្តសប្បុរសធម៍របស់បង។
ក្រោយទទួលដំណឹងនេះភ្លាម នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ រ៉ូសក៏បានផុសលិខិតអញ្ជើញរបស់មេធាវីអ្នកស្រី ទ្រី ដាណា ដោយភ្ជាប់សារសុំការអភ័យទោសថា៖ សុំអធ្យាស្រ័យលោកជំទាវ ទ្រី ដាណា ពីចំងាយ ប្អូនស្រីពិតជាមានកំហុសដែលខមិនលើរូបថតបងស្រីដោយអចេតនា ដែលធ្វើអោយប៉ះពាល់អារម្មណ៍បងស្រីជាទីសាធារណៈ ប្អូនស្រីពិតជាសុំទោសខ្លាំងណាស់ចំពោះកំហុសដែលកើតមានដោយអចេតនា សូមបងស្រីអភ័យទោសដល់ប្អូនស្រីផង ជូនពរបងស្រីសុខភាពល្អ សម្រស់ក្មេងជាងវ័យជោគជ័យគ្រប់ភារកិច្ច ទ្រី ដាណា Dana Try។
តែទោះជាយ៉ាងណា អ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៀតនោះ គឺប្រហែលដោយសារភ័យខ្លួនខ្លាំងពេក រ៉ូស ក៏បានរត់ទៅពឹងមេធាវីម្នាក់ស្ងាត់ៗ ដើម្បីជួយខ្លួនក្នុងរឿងក្តីនេះ។ ជាក់ស្តែង មេធាវីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ មេធាវី អ៊ុំ រតនា / Atty. Rattana UM បានបង្ហោះឲ្យដឹងថា៖ «បើគាត់ An Na Rose ពឹងអោយជួយការពាក្តីអោយ គឺជួយដោយស្ម័គ្រចិត្តតែម្តង! ! !»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
















