ដូចដែលប្រិយមិត្តជាច្រើន បានដឹងហើយ កាលពីពេលកន្លងទៅ បន្ទាប់ពីបានលាចាកសិក្ខាបទ និងមិនយូរប៉ុន្មានក៏បានក្លាយជាថៅកែលក់ដីឡូត៍ និងថៅកែការ៉ាស់លក់ឡាន នាយ តាក់សុី បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈបង្ហាញមុខមាត់ស្រ្តីម្នាក់ថាជាគូស្នេហ៍ និងប្រកាសរៀបការឆាប់ៗទៀតផង ប៉ុន្តែ នៅទីបំផុត នេះគ្រាន់តែជាការសម្តែងជាមួយស្រ្តីរូបនោះ ដើម្បីឲ្យមហាជនមានការចាប់អារម្មណ៍ ទៅលើការ៉ាស់លក់ឡានមួយនោះប៉ុណ្ណោះ។
ដោយឡែក ថ្មីៗនេះ ក្រោយលេចឮកំពុងរស់នៅបន្ទប់ជួល និងរកចំណូលសឹងពុំបានឲ្យថ្លៃផ្ទះគេ ព្រោះគ្រាន់តែជាថៅកែលក់ដីឡូត៍ និងថៅកែលក់ឡានក្លែងក្លាយប៉ុណ្ណោះ នាយ តាក់សុី បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មីទៀតហើយ ខណៈបានបែកធ្លាយរកបានអ្នកស្អំបេះដូងថ្មីពិតប្រាកដជាមួយនារីម្នាក់ ដោយមិនដឹងថាបានលួចសែនព្រេនរៀបការជាមួយគ្នាតាំងពីពេលណានោះមកទេ។ តែបើតាមអ្នកស្គាល់ខាងស្រី បាននិយាយថា សែនចង់២ខែហើយ ទើបរកនឹកផុស ម៉េចមិនចាំកូនមួយចាំចុះកាសែតអត់!!។
តែយ៉ាងណា ជាមួយគ្នានេះផងដែរ នារីជាប្រពន្ធដែលមានគណនីហ្វេសប៊ុកឈ្មោះ Sok Lin បានបង្ហោះសារពោលពាក្យយ៉ាងដូច្នេះថា៖ «អរគុណបងដែលច្បាស់លាស់ជាមួយអូន ហើយតស៊ូជាមួយគ្នា មិនមានស្តុកស្តមដូចគេ តែក្តីសុខ មិនបានរៀបការធំដុំ តែក៏សប្បាយចិត្តចាស់ទំដឹងឮសងខាង»។
គួរបញ្ជាក់ថា នាយ តាក់សុី បានលែងលះជាមួយអតីតភរិយានាង ភឹម ទៅតាមផ្លូវច្បាប់ និងសន្តិភាពរៀងៗខ្លួន អស់រយៈពេលជិត ៣ ឆ្នាំ ហើយ បន្ទាប់ពីបានសម្រេចចិត្តថានឹងទៅបួសអស់មួយជិវិត ដោយសារតែបញ្ហាជំងឺទឹកនោមផ្អែមដ៏រ៉ាំរ៉ៃ និងក៏មាននិស្ស័យជាមួយព្រះធម៌តាំងពីវ័យកុមារភាពមក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






























