ប្រិយមិត្តបានទទួលជ្រាបរួចហើយ ចំពោះរឿងរ៉ាវដ៏មិននឹកស្មានដល់មួយកាលពីពេលថ្មីៗនេះ ដោយអ្នកស្រី ទ្រី ដាណា បានបើកដៃឲ្យមេធាវីរបស់ខ្លួន ជូនលិខិតទៅកាន់តារាសម្តែងកញ្ញា រ៉ូស ឲ្យចូលខ្លួនដោះស្រាយបញ្ហា ទាក់ទងការបញ្ចេញមតិ (comment) រិះគន់ទៅលើការស្លៀកពាក់តុបតែងខ្លួនរបស់អ្នកស្រី ទ្រី ដាណា ថាមើលទៅមិនសុីវីល័យ មិនសាកសមនឹងទ្រព្យសម្បត្តិដែលអ្នកស្រីមាន…។
ពិតណាស់ ក្រោយទទួលបានលិខិតអញ្ជើញឲ្យទៅជួបដោះស្រាយរឿងនេះភ្លាម កញ្ញា រ៉ូស ដែលទំនងមានការភិតភ័យខ្លាំង ក៏បានរត់ទៅពឹងមេធាវីម្នាក់ឲ្យជួយខ្លួនស្ងាត់ៗ និងក៏បានបង្ហោះសារសុំការអភ័យទោសពីអ្នកស្រី ទ្រី ដាណា ថា៖ សុំអធ្យាស្រ័យលោកជំទាវទ្រីដាណាពីចំងាយប្អូនស្រីពិតជាមានកំហុសដែលខមិនលើរូបថតបងស្រីដោយអចេតនា ដែលធ្វើអោយប៉ះ-ពាល់អារម្មណ៍បងស្រីជាទីសាធារណះប្អូនស្រីពិតជាសុំទោ.សខ្លាំងណាស់ចំពោះកំហុសដែលកើតមានដោយអចេតនាមបងស្រីអភ័យទោ.សដល់ប្អូនស្រីផង ជូនពរបងស្រីសុខភាពល្អ សម្រស់ក្មេងជាងវ័យជោគជ័យគ្រប់ភារកិច្ច ទ្រី ដាណា Dana Try។
តែជាមួយគ្នានេះផងដែរ មហាជនគ្រាន់តែឃើញបែបនេះ ក៏បានសម្តែងការហួសចិត្តជាខ្លាំង សឹងរកពាក្យថ្លែងពុំចេញ ដោយក្នុងនោះគេបានលើកឡើងគួរឲ្យឆ្អែតជំនួសថា៖ «អ្នកមានចិត្តបុណ្យពិតប្រាកដ គេមិនប្រកាន់រឿងបន្តិចបន្តួចទេ ក្រែងបងស្រីជាអ្នកចូលចិត្តធ្វើបុណ្យ ហេតុអីប្រកាន់រឿងប៉ុណ្ណឹង ខ្ញុំអត់យល់ តើរឿងល្អកន្លងមកដែលបងធ្វើបុណ្យមុខកាំមេរ៉ា គ្រាន់តែសម្ដែងអោយគេមើល ឬបងធ្វើចេញពីចិត្ត»។ រីឯបងប្អូនអ្នកលេងបណ្តាញសង្គមជាច្រើនទៀត ក៏បានដាក់ឲ្យកប់ៗបែបនេះថា៖ «លែងបង្ហោះរូបទៅបើខ្លាចគេថាអោយ! អាងតែខ្លួនឯងមានលុយ ចង់ធ្វើអ្វីក៏បាន អុីចឹងមែន អ្នកមាន!, ចាប់ពីថ្ងៃនេះទៅអោយតែឃើញផេកលោកជំទាវខ្ញុំអូសរំលងហើយព្រោះគ្រាន់តែគេខំមិនចឹងក៏ប្តឹងដែរ ចឹងតិចទៀតចូលមើលក៏ប្តឹងដែរអីនោះចប់ប៉ាដោយ លែងហ៊ានមេីលហេីយ, ទ្រី ដាណា គង់មានង៉ៃធ្លាក់កូដទេ ជួបប្ដឹងធ្វើអោយគេស្អប់ពេញប្រទេស ខមិនប៉ិនហ្នឹងវាមិនខុសធ្ងន់ទេ ចាំមើលលែងមានអ្នកគាំទ្រ ទីផ្សារក៏ធ្លាក់ ហាងពេជ្រក៏ធ្លាក់ លែងមានអ្នកទិញព្រោះចរឹកជួបប្ដឹង,…»។
ទោះជាយ៉ាងណា នេះគ្រាន់តែជាការបញ្ចេញមតិរិះគន់របស់មហាជន ដែលបានសម្តែងការមិនពេញចិត្តប៉ុណ្ណោះ ហើយសង្ឃឹមថា រាល់អ្វីៗដែលមហាជនបានរិះគន់លើកឡើង នឹងធ្វើឲ្យបុគ្គលដែលមានអំនួតដទៃ គួរបើកចិត្តឲ្យទូលាយខ្លះទៅ ព្រោះត្រូវគិតថាយើងជាបុគ្គលសាធាណៈ ដែលមានឈ្មោះល្បីដោយសារតែមហាជនគាំទ្រ ហើយម្យ៉ាងវិញទៀត យើងក៏មិនល្អឥតខ្ចោះ ធ្វើត្រូវតាមចិត្តអ្នកទើសនោះដែរ៕ រក្សាសិទ្ធិដោយ៖ លឹមហុង







