ប្រិយមិត្ត និងមហាជន ពិតណាស់បានទទួលជ្រាបរួចហើយ ចំពោះរឿងរ៉ាវដ៏ក្រើកបង្ករលកកំហឹងពេញផ្ទៃប្រទេស ទាក់ទងករណីមេប៉េអឹមក្រុងក្រចេះលោក ទេព ហ៊ុយ ត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិ.ង្សា និងទង្វើអសីលធម៌ ទៅលើក្មេងស្រីជាកូនឈ្នួល២នាក់ ដោយបង្ខំឲ្យសុីអាច.ម៌ឆ្កែ និងឲ្យដេកឱបផ្នូរខ្មោចឆ្កែពេញ១យប់ ដែលពួកនាងបានធ្វើឲ្យងាប់។
ក្រោយរឿងនេះបានផ្ទុះឡើង ជាលទ្ធផល លោក ទេព ហ៊ុយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ រួមជាមួយគូកនម្នាក់ទៀត ដែលរួមដៃប្រព្រឹត្តហិង្សា និងទង្វើដ៏អសិលធម៌នេះ និងកំពុងត្រូវបានឃុំខ្លួនរួចហើយ បន្ទាប់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យសមត្ថកិច្ចចាត់វិធានការ ដោយគ្មានការលែងទោសឲ្យបានឡើយ ព្រោះទង្វើបែបនេះត្រូវបានចាត់ទុកថាជា ទង្វើពាលដ៏អមនុស្សធម៌បំផុត ហើយក៏មិនត្រូវទុកឲ្យមានមន្រ្តីអាវុធហត្ថបែបនេះ នៅក្នុងជួរអង្គភាពទៀតដែរ។
អ្នកស្រី ឈិន សុខឃឿន ត្រូវជាម្តាយក្មេងស្រីរងគ្រោះ បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា លោក ទេព ហ៊ុយ បានសុំសម្របសម្រួលដោយយល់ព្រមបង់ប្រាក់ចំនួន ២០ លានរៀល ដើម្បីបញ្ចប់រឿងនេះ ហើយក្រោយមកក៏ហ៊ានផ្តល់អោយរហូតដល់ចំនួន ២ ម៉ឺនដុល្លារ ប៉ុន្តែ អ្នកស្រីមិនព្រមនោះទេ ដោយទុកឲ្យតុលាការចាត់ចាត់ការទៅតាមផ្លូវច្បាប់។
យ៉ាងណាមិញ ចំពោះមូលហេតុដែលនាំឲ្យកើតមានរឿងរ៉ាវនេះឡើង នោះបើតាមក្មេងស្រីរងគ្រោះទាំងពីរបានប្រាប់ឲ្យដឹងថា ពួកនាងបានធ្វើឲ្យឆ្កែរបស់ម្ចាស់ផ្ទះងាប់ គឺដោយសារតែពួកនាងខឹងកូនស្រីពៅលោក ទេព ហ៊ុយ ជេរដៀលមកលើពួកនាងសុទ្ធតែ «ពូជមីឆ្កែ…»។
ដោយឡែក នៅយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ក៏ស្រាប់តែភរិយាលោក ទេព ហ៊ុយ អ្នកស្រី លាង ហ៊ុយ ក្រោយពីស្វាមីបានត្រូវតុលាការឃុំខ្លួន បានចេញមុខធ្វើការបកស្រាយឲ្យដឹងថា ក្រោយពីបានដឹងថាក្មេងស្រីជាកូនឈ្នួលទាំងពីរ ស.ម្លាប់មេឆ្កែដោយរុំក្រណាត់យកទៅជ្រ.មុជទឹក នៅម៉ោង ៣ ទៀបភ្លឺ ព្រោះតែពួកនាងខឹងកូនស្រីរបស់ពួកគេជេរដៀល «ពូជមីឆ្កែ» និងមិនចូលចិត្តឆ្កែ ជាហេតុធ្វើឲ្យប្តីរបស់អ្នកស្រីលោក ទេព ហ៊ុយ ផ្ទុះកំហឹងយ៉ាងខ្លាំងតែម្តង ប៉ុន្តែ ដោយគ្រាន់តែបានជេរពិតប្រាកដមែនថា «មុខនាងឯងសមតែទៅសុីអា.ចម៌ឆ្កែទេ គួរតែទៅសំពះសុំទោសផ្នូរឆ្កែទៅ» និងប្តីរបស់ខ្លួនពុំបានវា.យធ្វើបាបកូនឈ្មួលដូចការចោទប្រកាន់នោះឡើយ។ ជាមួយគ្នានេះផងដែរ អ្នកស្រី លាង ហ៊ុយ ក៏បានលើកដៃសំពះសុំជួយរកយុត្តិធម៌ជូនគ្រួសាររបស់អ្នកស្រីផង ព្រោះការចោទប្រកាន់បែបនេះ គឺវាហាក់ដូចជាអយុតិ្តធម៌ខ្លាំងណាស់សម្រាប់គ្រួសារអ្នកស្រី និងម្យ៉ាងវិញទៀត ប្រសិនប្តីត្រូវជាប់គុក នោះបន្ទុករកលុយបង់ធនាគារ នឹងត្រូវធ្លាក់មកលើអ្នកស្រីរែកពន់តែម្នាក់ឯង ខណៈការរកស៊ីក៏បានប៉ះពាល់ ដោយសារតែរឿងរ៉ាវនេះ។
តែទោះជាយ៉ាងណា ការពិតរបស់ក្មេង ក៏ត្រូវបានទម្លាយចេញ រហូតមានការធ្វើត្រាប់សកម្មភាពដែលលោក ទេព ហ៊ុយ បានប្រព្រឹត្តមកលើក្មេងឡើងវិញផងដែរ។ ក្នុងនោះក្មេងស្រីទាំងពីរ បានប្រាប់សមត្ថកិច្ច និងក៏ដូចក្រុមអ្នកសារព័ត៌មានយ៉ាងច្បាស់ៗថា គឺខណៈពេលលោក ទេព ហ៊ុយ កំពុងប្រើហិង្សាមកលើពួកនាង គឺអ្នកស្រី លាង ហ៊ុយ ក៏បានចូលមកជួយឃាត់ដែរ តែឃាត់ប្តីមិនស្តាប់។ ក្មេងស្រីរងគ្រោះក៏បានប្រាប់ឲ្យដឹងទៀតថា ពួកនាងត្រូវលោក ទេព ហ៊ុយ វា.យបោចសក់ និងយកកៅអីជ័រវា.យ២កៅអី និងត្រូវកូនចៅរបស់គាត់ម្នាក់ ទះ៣កំផ្លៀងថែមទៀត មុនពេលបង្ខំពួកនាងសុីអា.ចម៌ឆ្កែ និងដេកឱបផ្នូរខ្មោចឆ្កែពេញ១យប់។
ទោះយ៉ាងណា ក្រោយឃើញភរិយាលោក ទេព ហ៊ុយ បានចេញមកបកស្រាយថាប្តីខ្លួនពុំបានវា.យធ្វើបាប គឺគ្រាន់តែប្រើភាសាជេរធ្ងន់ៗឲ្យសុីអា.ចម៌ប៉ុណ្ណោះបែបនេះ ធ្វើឲ្យមហាជនជាច្រើន ពុំជឿសំដីរបស់គាត់នោះទេ ខណៈគេបានលើកឡើងថា យុត្តិធម៌ គឺមានតែកាមេរ៉ាសុវត្ថិភាពទេ ទើបច្បាស់ ព្រោះក្មេងមិនដូចមនុស្សចាស់បំភ្លើសការពិតទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











