ពិតជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល និងស្ទើរតែមិននឹកស្មានដល់ នៅពេលដែលបានដឹងថា ក្រុមគ្រួសារអតីតតារាកំប្លែងជើងចាស់នាយ សង់សុីស បានសម្រេចចិត្តប្រកាសលក់ផ្ទះកំពុងរស់នៅជាបន្ទាន់ ដោយសារតែជំពាក់បំណុលគេដែលមានចំនួនរហូតដល់ទៅជាង ១០ ម៉ឺនដុល្លារ ឯណោះ។
នេះបើយោងតាមការបង្ហោះរបស់លោក អុឹម ជីវ៉ា បានរៀបរាប់ឲ្យដឹងថា៖ អាណិតគាត់ណាស់ ក្រុមគ្រួសារតារាកំប្លែង សង់ សុីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេដែលជំពាក់មានចំនួន ជាង ១០មុឺនដុលារ ដោយផ្ទះគាត់លក់ពីរល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២មុឺនដុលារ !
បើតាមអ្នកនាង កា ឆយ ដែលក៏ត្រូវជាកូនចៅ បានបញ្ជាក់ថា គ្រួសាររបស់អ្នកស្រី ចេញមកលើកដៃសំពះនៅពេលនេះ គឺពុំមែនដើម្បីសុំជំនួយពីបងប្អូនទេ ប៉ុន្តែ លើកដៃសំពះអំពាវនាវដល់បងប្អូនដែលមានធនធានដូចជា ឯកឧត្តម ឧកញ៉ា ជាដើម ប្រសិនមានចំណាប់អារម្មណ៍ សូមជួយទិញផ្ទះឪពុករបស់ពួកគាត់ផង។ អ្នកស្រី កា ឆយ ក៏បានឲ្យដឹងផងដែរ បើទោះបីផ្ទះនេះជាផ្ទះរបស់ឪពុកលោកតា សង់ស៊ីស ក៏ពិតមែន ប៉ុន្តែ ពួកគាត់ជាកូនៗច្បងពុំបានទាមទារចំណែកនោះទេ ព្រោះពួកគាត់មានផ្ទះនៅរៀងៗខ្លួនហើយ ហើយប្រសិនបើលក់ដាច់ នឹងប្រគល់លុយទាំងអស់ឲ្យប្អូនស្រីអ្នកនាង ស្រី ពេជ្រ យកទៅដោះបំណុលគេ និងសល់ប៉ុន្មានឲ្យប្អូនយកទៅសង់ផ្ទះរស់នៅជាមួយឪពុក សង់ស៊ីស។
អ្នកស្រី កា ឆយ ដែលក៏ជាតារាកំប្លែងជើងចាស់ដ៏ល្បីឈ្មោះមួយរូប បានបញ្ចេញឲ្យដឹងថា មូលហេតុដែលក្រុមគ្រួសារសម្រេចចិត្តលក់ផ្ទះនេះ គឺដោយសារតែមួយរយៈពេលផ្ទុះកូវីដ១៩ គឺធ្វើឲ្យចំណូលរបស់ពួកគាត់បានធ្លាក់ចុះយ៉ាងខ្លាំង ជាហេតុធ្វើឲ្យពួកគាត់ជាបងៗ មិនមានលទ្ធភាពជួយដោះស្រាយបំណុលប្អូនស្រីអ្នកនាង ស្រី ពេជ្រ បាន។ អ្នកស្រី កា ឆយ ក៏បានបញ្ជាក់ថា ប្អូនស្រីរបស់ពួកគាត់អ្នកនាង ស៊ុន ស្រីពេជ្រ គឺជាអ្នករ៉ាប់រងបំណុលទាំងអស់ ព្រោះប្អូនស្រីជាអ្នកចេញមុខជំនួសគ្រួសារទាំងមូល ដែលកាលពីអំឡុងរកលុយបាន ស្រីពេជ្រ ចេះតែទៅខ្ចីលុយគេបន្តបន្ទាប់រហូតកើនច្រើនបែបនេះ ដើម្បីយកលុយព្យាបាលជំងឺឪពុក និងព្រមទាំងប្អូនៗ២នាក់ ដែលមុនពេលស្លា.ប់បន្តបន្ទាប់ ដោយគ្រាន់តែយកទៅពេទ្យប្រទេសថៃផង វៀតណាមផង គឺក្នុង១ខែត្រូវចំណាយ ៣ ទៅ ៤ ម៉ឺដុល្លារ។
ដោយឡែក សម្រាប់ស្ថានភាពរបស់លោកតា សង់ស៊ីស វិញ ក៏កាន់តែយ៉ាប់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយគាត់ពិបាកក្នុងនិយាយខ្លាំងណាស់ ពោលគឺមានតែកូនៗទេ ដែលអាចកាត់យល់បាន។
តែទោះជាយ៉ាងណា ជាមួយគ្នានេះផងដែរ អ្នកនាង កា ឆយ និងក្រុមគ្រួសារ ពិតជារំភើបចិត្តជាខ្លាំង ដែលបានប្រមុខរាជរដ្ឋាភិបាលនៃយើង បានសម្រេចបើកប្រទេសឲ្យគ្រប់ផ្នែកដំណើរធម្មតាឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩ បានថមថយគួរឲ្យកត់សម្គាល់ ពោលគឺបន្ទាប់ពីប្រជាពលរដ្ឋ បានសហការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ដូសទី៣៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




