ប្រិយមិត្តបានទទួលជ្រាបរួចហើយ ចំពោះបទ «Are you ok» របស់ផលិតកម្ម Galaxy Navatra ដែលផ្ទុះល្បីយ៉ាងខ្លាំងពាសពេញពិភពលោក រហូតមានជនបរទេស ចាប់អារម្មណ៍នាំគ្នារាំរែកធ្វើត្រាប់តាមយ៉ាងផុសផលតែម្តង។ តែដោយសារតែបទនេះ ស្តាប់ទៅហាក់គ្មានអត្ថន័យខ្លឹមសារអ្វីសោះ ពោលគឺឮសូរតែពាក្យហាក់មិនសមរម្យ និងថែមទាំងការស្លៀកពាក់បែបសិស្សស្រីជប៉ុន ជាមួយកាយវិការកាន់អាវុធដ៏បែកស្លុយទៀតនោះ ជាហេតុធ្វើឲ្យអ្នកលេងបណ្តាញសង្គមកម្ពុជា ផ្ទុះការរិះគន់ឡើងកក្រើកខ្លាំងតែម្តង ដែលរហូតធ្វើឲ្យផលិតកម្មដ៏ធំមួយនេះ ត្រូវបង្ខំចិត្តលុបបទ Are you ok ចេញពីបណ្តាញសង្គមជាបន្ទាន់ ដើម្បីធ្វើតាមការមិនពេញចិត្តរបស់មហាជន។
ដោយឡែក ក្រោយស្ងប់ស្ងាត់ប៉ុន្មានសប្តាហ៍ នៅពេលនេះ ផលិតកម្ម Galaxy បានសម្រេចចេញបទ «Are you ok» នេះសារជាថ្មីនិងជាមួយ Full MV ផងដែរបន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានផ្ដល់ទិដ្ឋាការចេញផ្សាយជាផ្លូវការ។
តែទោះយ៉ាងណា បទ «Are you ok» ដែលកែប្រែ Melody ថ្មីនេះ ក៏នៅតែមានមនុស្សមួយចំនួនហាក់មិនពេញចិត្តដដែល ចំពោះខ្លឹមសារពាក្យពេជន៍ហាក់ដូចចង់ចំអកឲ្យរិះគន់ដូចជាពាក្យ៖ Your mouth like a river = មាត់អ្នកឯងហូរដូចទន្លេ, You big liver = អ្នកឯងថ្លេីមធំនោះធំ, You have to keep your mouth to eat chicken = ទុកមាត់ស៊ីមាន់ជាដើម។
ក្នុងនោះ ក៏មានផេកអប់រំគំនិតមួយឈ្មោះថា Re-IDEA បានលើកឡើងសួរទៅកាន់អ្នកនិពន្ធ និងចំអកឲ្យកញ្ញា តន់ ចន្ទសីម៉ា គួរឲ្យភ្ញាក់ផ្អើលថា៖ «សូមសួរបន្តិចឃ្លានេះ នរណាជាអ្នកនិពន្ធ? ទោះឪបណ្ឌិតអក្សរសាស្រ្តអង់គ្លេសមកពី Oxfords ក៏មិនយល់ដែរ! បែប Google Translation? គ្រាន់តែឆ្ងល់អ្នកនិពន្ធមានកូនរៀនអង់គ្លេសឬអត់ បើមិនច្បាស់ គួរឱ្យកូនពិនិត្យសិនចាំសរសេរក៏មិនអីដែរ? ហើយអ្នកច្រៀងក៏មិនយល់ទៀត អាយុក្មេងចឹង ឆ្លៀតរៀនអង់គ្លេស part time ខ្លះទៅ ទាន់ខ្លួននៅក្មេង»។
សូមបញ្ជាក់ថា បទ «Are you ok» ថ្មីនេះ ត្រូវបានដឹងថា គឺជាលោក ហេង ឡុង ប្រធានសមាគមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលជាអ្នកបញ្ចេញស្នាដៃសរសេរទំនុកច្រៀង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







