Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋវៀតណាមខឹងសម្បារ ក្រោយ​រដ្ឋមន្រ្តី​ជាន់​ខ្ពស់​ម្នាក់ ជះលុយ​បរិភោគ​សាច់​អាំងស្រោប​មាស​ថ្លៃ​បំផុត របស់​ស្តេច​ចុង​ភៅ Salt Bae (វីដេអូ)

វីដេអូមួយដែលបង្ហាញពីមន្ត្រីវៀតណាមដ៏មានអំណាចម្នាក់​កំពុងរីករាយជាមួយសាច់អាំងស្រោបស្លឹកមាស នៅភោជនីយដ្ឋានដ៏ប្រណិតមួយកន្លែងក្នុងទីក្រុងឡុងដ៍ បានធ្វើឱ្យមានការខឹងសម្បារតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ខណៈដែលមនុស្សជាមធ្យមរកបានពីរបីដុល្លារក្នុងមួយថ្ងៃ។

ទាក់ទងរឿងនេះ បើតាមកាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយឲ្យដឹងថា លោក To Lam អាយុ ៦៤ ឆ្នាំ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ ត្រូវបានគេមើលឃើញថា កំពុងតែបរិភោគសាច់អាំងនៅហាង Nusr-Et Steakhouse ក្នុងតំបន់អ្នកមាន Knightsbridge ។

លោក Nusret Gokce ជនជាតិទួរគី និងត្រូវបានស្គាល់តាមរយៈ Instagram ដែលមានអ្នកតាមដានជិត​៤០ លាននាក់ ថា Salt Bae គឺជាកំពូលចុងភៅលំដាប់ពិភពលោក​ដែលបានបម្រើសាច់អាំងស្តេករុំស្លឹកមាស ២៤ ការ៉ាត ដែលអាចបរិភោគបាន ទៅដល់លោក To ដោយផ្ទាល់មាត់ គឺត្រូវបានដឹងថាមានតម្លៃជាង ១,០០០ ដុល្លារ។

វីដេអូឃ្លីបរបស់អ្នកនយោបាយវៀតណាមរូបនេះ ដំបូងឡើយ ត្រូវបានបង្ហោះដោយភោជនីយដ្ឋាន មុនពេលត្រូវបានលុបចេញវិញនោះ គឺបានរីករាលដាលពាសពេញ Tiktok និង Facebook ក្នុងប្រទេសវៀតណាម កាលពីថ្ងៃសុក្រ។

ពិតណាស់ ឃ្លីបរាលដាលនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ជាពិសេសពលរដ្ឋវៀតណាម ផ្ទុះកំហឹងចំពោះភាពអន់ថយដែលបានបង្ហាញនេះ ខណៈដែលប្រទេសនេះកំពុងជួបការលំបាក ដោយសារវិបត្តិកូវីដ-១៩ ដែលបានធ្វើឲ្យខាតបង់ការងាររាប់មិនអស់ និងបណ្តាលឲ្យមានការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរបំផុត នៅក្នុង GDP របស់ប្រទេសវៀតណាមក្នុងកំណត់ត្រា។

លោក Pham Viet Duc បានសរសេរនៅលើ Facebook ថា “ប្រជាជនកំពុងប្រឈមមុខនឹងការលំបាកខ្លាំង ដោយសារជំងឺរាតត្បាត ប៉ុន្តែ (មន្ត្រី) កំពុងរីករាយខ្លួនឯង ក្នុងលក្ខណៈជាតារាល្បីលំដាប់ពិភពលោកទៅវិញ”។

លោកបន្តថា “រដ្ឋាភិបាលតែងតែត្អូញត្អែរពីការលំបាកផ្នែកហិរញ្ញវត្ថុ ប៉ុន្តែពួកគេបែរជាលួចលុយរបស់ប្រជាជនសម្រាប់ជីវិតដ៏ប្រណីត ហាក់ដូចជាគ្មានថ្ងៃស្អែក”។

ក្នុងការបញ្ចេញមតិអំពីឃ្លីបនេះផងដែរ អ្នកខ្លះ​ក៏បានបង្ហោះ​រូបភាពកុមារក្រីក្រក្នុងតំបន់​ដែលកំពុងខ្វះខាតបំផុត​ក្នុងប្រទេសវៀតណាម​។

យោងតាមការិយាល័យស្ថិតិទូទៅរបស់ប្រទេសនេះ បានឱ្យដឹងថា ពលរដ្ឋវៀតណាមជាមធ្យមទទួលបានប្រាក់ចំណូលប្រចាំខែ ប្រហែល ១៨៤ ដុល្លារ ក្នុងឆ្នាំ​២០២០។

តែទោះយ៉ាងណា គេក៏មិនច្បាស់ទេថា វីដេអូនេះត្រូវបានថតនៅពេលណា ប៉ុន្តែ លោក Lam បានស្ថិតនៅក្នុងប្រទេសអង់គ្លេសសម្រាប់សន្និសីទស្តីពីអាកាសធាតុ COP26 ហើយបានជួបរដ្ឋមន្ត្រីមហាផ្ទៃអង់គ្លេស កាលពីថ្ងៃចន្ទ សប្តាហ៍មុននេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×