Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាករ ឌឿន រ៉ាត់ធីឌុន និងកីឡាការិនី ឃឺន ចន្ទចរិយ៉ាឈ្នះជើងឯកហែលទឹកទីឆ្ងាយ ៥០០០ម៉ែត្រ-៣០០០ម៉ែត្រ

spot_img

CAMSOC-ភ្នំពេញ៖ ការប្រកួតកីឡាហែលទឹកទីឆ្ងាយ (Open Water) ជ្រើសរើស ជើឯកប្រចាំឆ្នាំ២០២១ នៅមណ្ឌលហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីល្ងាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១បានបញ្ចប់ជាមួយនឹងលទ្ធផលល្អប្រសើរ ដោយកីឡាករ ឌឿន រ៉ាត់ធីឌុន ឈ្នះជើងឯកវិញ្ញាសា ៥០០០ម៉ែត្រ ខណៈកីឡាការិនី ឃឺន ចន្ទចរិយ៉ា គ្រងជើងឯកវិញ្ញាសា ៣០០០ម៉ែត្រ។

ជ័យលាភីលើវិញ្ញាសាហែលទីឆ្ងាយផ្នែកបុរស ៥០០០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ កីឡាករ ឌឿន រ៉ាត់ធីឌុន ធ្វើសម្រេចក្នុងថិរៈវេលា ១:១០:០៣.៣០, លេខ២ ហែម ប៉ុច ថិរៈវវេលា ១:១០:០៣.៦៧ និងលេខ៣ បានទៅលើកីឡាករ ទួន ទិត្យសត្យា។ វិញ្ញាសាហែលទីឆ្ងាយ ៣០០០ម៉ែត្រ នារី លេខ១ កីឡាការិនី ឃឺន ចន្ទចរិយ៉ា ធ្វើសម្រេចក្នុងថិរៈវេលា ៤៥:០៨.៩៦, លេខ២ កាំង មុយនីន និងលេខ៣ សុខ វរល័ក្ខណ៍ ដែលអ្នកទាំងពីរធ្វើសម្រេចក្នុងថិរៈវេលា ៤៥នាទីដែរ តែចាញ់លេខ១ ត្រឹម៣ទៅ៤វិនាទីប៉ណ្ណោះ។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកគូសបញ្ជាក់ថា នេះជាការប្រកួតសម្រាប់តែក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ ដែលកំពុងហ្វឹកហាត់បិទខ្ទប់នៅពហុកីឡដ្ឋានជាតិមរតកតេជោ តែប៉ុណ្ណោះ។ គោលបំណងនៃការរៀបចំការប្រកួតហែលទឹកទីឆ្ងាយនេះ គឺដើម្បីបំផុសចលនាកីឡាហែលទឹកនៅកម្ពុជាឲ្យកាន់តែមានភាពផុសផុលឡើងបន្ថែមទៀត ដែលវិញ្ញាសានេះធ្លាប់ត្រូវបានរៀបចំការប្រកួតជាច្រើនឆ្នាំកាលពីអំឡុង ឆ្នាំ១៩៩៣-១៩៩៩ ពីត្រើយម្ខាងជ្រោយចង្វារមកវេទិកាមុខព្រះបរមរាជរាំង ចំនួន៣វិញ្ញាសា មាន ៨០០ម៉ែត្រ ១៦០០ម៉ែត្រ (២បក) និង៣២០០ម៉ែត្រ (៤បក) នៅក្នុងអំឡុងពេលរៀបចំនេះក៏មានការប្រឹងប្រែងរៀបចំអភិវឌ្ឍន៍ពីលោកព្រឹទ្ធាចារ្យ ហែម ថុន (បានទទួលមរណៈភាព កាលពីឆ្នាំ២០១៥) ហើយពេលនោះអតីតកីឡាករ ហែម គីរី ក៏ជាជាជ័យលាភីលេខ១រៀងរាល់ឆ្នាំផងដែរ។ វិញ្ញាសាហែលទីឆ្ងាយនេះក៏ធ្លាប់បានដាក់ឲ្យប្រកួតប្រជែងនៅក្នុងពិធីបុណ្យទន្លេ និងបុណ្យសមុទ្រ កន្លងទៅផងដែរ។

អគ្គលេខាធិការរូបនេះបន្ថែមថា នៅឆ្នាំ២០២១នេះ សហព័ន្ធបានរៀបចំបំផុសវិញ្ញាសានេះឡើងវិញ តាមរយៈការរៀបចំនៅក្នុងអាងហែលទឹក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងបរិបទជំងឺកូវីដ-១៩នេះ ដោយមិនទាន់អាចរៀបចំនៅតាមទន្លេ បឹង និងសមុទ្រនៅឡើយ។ ជាមួយគ្នានេះដែរ លោក ហែម គីរី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលបច្ចេកទេសរបស់កីឡាករ កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ដោយក្រុមជម្រើសជាតិមានសិទ្ធផលល្អប្រសើរជាងពេលមុនៗ។ វិញ្ញាសាហែលទីឆ្ងាយនេះមិនកំណត់ថាត្រូវតែហែលរបៀបសេរីនោះទេ ប៉ុន្តែរបៀបហែលសេរីនេះងាយស្រួលជាងគេ និងបានលឿនជាងរបៀបហែលផ្សេងៗ។

លោក ហែម គីរី សង្កត់ធ្ងន់ថា ចំពោះជ័យលាភីមេដាយមាស កីឡាការិនី ឃឺន ចន្ទចរិយ៉ា គឺជាកីឡាការិនីវ័យក្មេងបំផុត ដែលទើបមានអាយុ១២ឆ្នាំប៉ុណ្ណោះនាពេលបច្ចុប្បន្ន ហើយជាការកត់សម្គាល់គឺគាត់តែងតែប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងក្លា ដោយអាចយកឈ្នះកីឡាការិនីផ្សេងៗទៀត ក្នុងប្រភេទវិញ្ញាសាហែលទីឆ្ងាយនេះ។ ជារួមលោកអគ្គលេខាធិការពិតជារីករាយ ដែលលោកសង្កេតឃើញថា គ្រប់កីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់មានសិទ្ធផលកើនឡើងគួរឲ្យកត់សម្គាល់ ដោយកីឡាករ កីឡាការិនីបានបង្ហាញថាមពលកម្លាំងហែលមិនថយថយនោះទេ ហើយអាចបង្កើនល្បឿននៅជិតដល់ទី ដើម្បីប្រជែងជ័យលាភី។ អ្វីដែលលោកបានបង្ហាញជាក្តីមោទនភាព គឺថាអ្នកចូលរួមប្រកួតទាំងអស់មិនបោះបង់ការប្រកួតនោះទេ ដោយប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីបង្កើនសិទ្ធផលរបស់ខ្លួនបានយ៉ាងល្អប្រសើរ។

លោកដាក់ក្តីសង្ឃឹមថា ជាមួយនឹងការខិតខំនេះ លោកជឿជាក់ថា កីឡាករ កីឡាការិនិនឹងបន្តបង្កើនគុណភាពច្ចេកទេស ដោយអាចស្វែងរកមេដាយពីលើឆាកអន្តរជាតិបាន ជាពិសេសគឺគោលដៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ពីព្រោះថា កីឡាករ កីឡាការិនីជម្រើសជាតិនៅវ័យក្មេងៗ ដែលជាក្តីសង្ឃឹមខ្ពស់ នៃដំណើរការអភិវឌ្ឍបន្តទៅមុខទៀត។ ជាមួយនឹងលទ្ធផលបែបនេះ លោកអគ្គលេខាធិការក៏សម្តែងនូវការដឹងគុណចំពោះការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិ CAMSOC ជាពិសេសគឺឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ដែលខិតខំជំរុញការអភិវឌ្ឍវិស័យកីឡាហែលទឹកជាបន្តបន្ទាប់ និងបន្តគោលដៅឆ្ពោះទៅថ្ងៃអនាគតផងដែរ៕រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×