ដូចដែលបានដឹងថាហើយថា កង់បីឥណ្ឌា ឬហៅថា Passapp គឺជាមធ្យោបាយដឹកជញ្ជូនដ៏ពេញនិយម សម្រាប់បងប្អូនប្រជាពលរដ្ឋជាអ្នកដំណើរ នាពេលបច្ចុប្បន្ន ព្រោះបានផ្តល់ភាពងាយស្រួលទាំងការហៅជិះ និងតម្លៃក៏សមរម្យផងដែរ។ តែទន្ទឹមនឹងសេវាកម្មដឹកជញ្ជូនដ៏ប្រសើរនេះ ជារឿយៗ គេក៏តែងលេចឮអ្នករត់កង់បីមួយចំនួនតូច ក្រៅពីបើកបរឆ្វេកឆ្វាកគ្មានសណ្តាប់ធ្នាប់ ក៏មានគំនិតអាក្រក់ចង់បានរបស់ទ្រព្យអ្នកដំណើរ ដែលបានភ្លេចជាដើម។
ជាក់ស្តែង ថ្មីៗនេះ នារីស្រស់ស្អាតម្នាក់ ត្រូវបានអ្នករត់ Passapp ម្នាក់ ស៊ីដាច់ទូរស័ព្ទទំនើបអស់១គ្រឿង ដោយបានបើកគេចខ្លួនបាត់ស្រមោល បន្ទាប់ពីនាងបានភ្លេចនៅលើកង់បី ចូលផ្ទះមិត្តភក្តិតែមួយភ្លែតសោះ ខណៈនាងឲ្យរង់ចាំ ព្រោះនឹងជិះបន្តទៀត។
នៅក្នុងពាក្យបណ្តឹងនារីរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅវេលម៉ោងប្រហែលជិត ៨ យប់ នាងបានជិះម៉ូតូ Pass App ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AC-0279 លេខ ID P 20895 ចេញពីផ្ទះនៅម្តុំក្រោយវាំងមកលេងផ្ទះមិត្តភក្តិ នៅផ្លូវលេខ ៣១០ (ហាងមីភូមៀលធី) សង្កាត់បឹងកេងកងទី១។ លុះពេលជិះមកដល់ចំណុចមុផ្ទះលេខ ៦១ នាងក៏បានឲ្យអ្នករត់កង់បីនោះឈប់ ដោយរូបនាងបានប្រាប់ថា ចូលទៅជួបមិត្តភក្តិតែមួយភ្លែតទេ ព្រោះនឹងត្រូវជិះបន្តទៀត។ ប៉ុន្តែ នៅពេលដឹងថាបានភ្លេចយកទូរស័ព្ទទៅតាមខ្លួន ទុកនៅលើកង់បី នាងក៏បានរត់មកយកវិញក៏ស្រាប់តែកង់បីនោះ បានបើករត់បាត់។
បន្ទាប់មក នាងក៏បានបង្ហោះរូបថតអត្តសញ្ញាណអ្នករត់កង់បីនោះ ដែលទទួលបានពីក្រុមហ៊ុន Pass App និងស្នើបងប្អូននៅក្នុងបណ្តាញសង្គមជួយចែករំលែក រៀបរាប់យ៉ាងដូច្នេះថា៖ សួស្ដីអ្នកទាំងអស់គ្នាសុំមេតាជួយស៊ែរផងដើម្បីឲអ្នករត់passapp ម្នាក់នេះបានឃើញផង ខ្ញុំបានbooking passapp គាត់ជិៈហើយខ្ញុបានភ្លេចទូរស្ទព័ដៃiPhone XS mas ពណ៍មាសនៅលើpassappគាត់ ហើយភ្លាមៗនោះខ្ញុំបានទាក់ទងទៅលេខទូរស្ទព័ដៃខ្ញុំដែលភ្លេចនឹងទូរស្ទព័ដៃអ្នករត់passappនឹងគឺគាត់បានបិទទូរស្ទព័តែម្ដង ហើយខ្ញុំក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តបឹងកេងកង1រួចរាល់ដែល ខ្ញុំគ្រាន់តែចង់បានរបស់ខ្ញុំមកវិញទេ ព្រោះមានរូបថតម៉ាក់ខ្ញុំនៅក្នុងនោះទាំងអស់ និងឯកសាការងារ។
ប៉ុន្តែ បើតាមនារីរងគ្រោះបានបញ្ជាក់ក្នុងខមិនថា អស់វិធីហើយ ហត់ណាស់ ព្រោះទៅប្តឹងប៉ុស្តិ៍ៗគេមិនទទួល ដោយលើកឡើងថាខាងក្រុមហ៊ុន passapp រុញទៅវិញទៅមក។
តែទោះយ៉ាងណា តាមរយៈការចែករំលែករបស់បងប្អូន សង្ឃឹមថា នឹងអាចរកមុខអ្នករត់កង់បីគំនិតអាក្រក់នេះ ក្នុងពេលឆាប់ៗ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






