ប្រិយមិត្តជាច្រើន ជឿថាបានដឹងហើយ ចំពោះទង្វើដ៏គួរឲ្យស្អប់ ដែលបុរសអ្នករត់កង់បី (PassApp) មានគំនិតអាក្រក់ ស៊ីដាច់ទូរស័ព្ទទំនើបរបស់នារីស្រស់ស្អាតម្នាក់ បន្ទាប់នាងឲ្យឈប់ចាំ ចូលផ្ទះមិត្តភក្តិតែមួយភ្លែត និងជិះបន្តទៀត តែភ្លេចយកទូរស័ព្ទទៅតាម (ទុកលើកង់បី) ស្រាប់តែចេញមកវិញ បាត់ស្រមោលកង់បីតែម្តង។
ទាក់ទងករណីនេះ ស្រីស្អាតដែលមានគណនីហ្វេសប៊ុកឈ្មោះ Mai Khun Dee បានរៀបរាប់ក្នុងពាក្យបណ្តឹងឲ្យដឹងថា នៅវេលាម៉ោងប្រហែលជិត ៨ យប់ នាងបានជិះម៉ូតូ Pass App ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AC-0279 លេខ ID P 20895 ចេញពីផ្ទះនៅម្តុំក្រោយវាំង មកលេងផ្ទះមិត្តភក្តិ នៅផ្លូវលេខ ៣១០ (ហាងមីភូមៀលធី) សង្កាត់បឹងកេងកងទី១។ លុះពេលជិះមកដល់ចំណុចមុផ្ទះលេខ ៦១ នាងក៏បានឲ្យអ្នករត់កង់បីនោះឈប់ ដោយរូបនាងបានប្រាប់ថា ចូលទៅជួបមិត្តភក្តិតែមួយភ្លែតទេ ព្រោះនឹងត្រូវជិះបន្តទៀត។ ប៉ុន្តែ នៅពេលដឹងថាបានភ្លេចយកទូរស័ព្ទទៅតាមខ្លួន ទុកនៅលើកង់បី នាងក៏បានរត់មកយកវិញ ក៏ស្រាប់តែកង់បីនោះ បានបើករត់គេចបាត់ស្រមោលតែម្តង។
តែបើទោះជាក្រុមហ៊ុន PassApp និងក៏ដូចសមត្ថកិច្ចធ្វើការលើរឿងនេះ ដោយរុញទៅរុញមក ព្រោះប្រហែលគិតថាជារឿងតូចតាច យ៉ាងណាក៏ដោយក៏នារីរងគ្រោះថា នឹងប្តឹងអ្នករត់កង់បីមានគំនិតអាក្រក់ដល់ទីបញ្ចប់ ដោយមិនឲ្យរួចខ្លួនឡើយ ព្រោះថា អត្តសញ្ញាណ សូម្បីតែស្រុកភូមិក៏បានស្គាល់អស់ហើយ គឺគេចមិនរួចនោះទេ គ្រាន់តែយូរឆាប់ប៉ុណ្ណោះ។
យ៉ាងណាមិញ នៅពេលមានអ្នកសួរថា ចុះបើក្មួយប្តឹង គេមិនដឹង គេថាដឹកភ្ញៀវច្រើន មិនចាប់អារម្មណ៍រឿងទូរស័ព្ទក្មួយ តើនេះជាកំហុសអ្នកណា? នាងក៏បានឆ្លើយដូចនៅក្នុងពាក្យបណ្តឹងថា៖ ខ្ញុំឲ្យគាត់ចាំខ្ញុំ ព្រោះខ្ញុំត្រូវជិះទៅតទៀត ហេតុអ្វីគាត់មិនចាំយកលុយ ហើយបែរទៅបាត់អុីចឹង!?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







