ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប្រជាការពារ និងកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ឃាត់ខ្លួនដឹកយកមកប្រគល់ ឲ្យសមត្ថកិច្ចនគរបាលស្ទឹងមានជ័យទី១ ចាត់ការបន្ត ក្រោយពេលជនសង្ស័យខាងលើនេះ យកម៉ូតូមួយគ្រឿង របស់មន្ត្រីយោធាម្នាក់ ទៅបាត់អស់រយៈពេលមួយសប្តាហ៍។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅផ្ទះសំណាក់ភ្នំមាស តាមបណ្តោយផ្លូវជាតិលេ៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទូច ផល្លី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិក្រាំងស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យមានឈ្មោះជា ហាំង ជឺវ ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

យោងតាមសម្តីរបស់ជនរងគ្រោះខាងលើ បានឲ្យដឹងថា នៅវេលាម៉ោង១២និង០០នាទីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ រូបគាត់និងមិត្តភក្តិម្នាក់ទៀត ឈ្មោះ សំណាង ហៅរតនា អាយុ៤៣ឆ្នាំ ជាមន្ត្រីនគរបាលខេត្តស្ទឹងត្រែង បានបបួលគ្នាមកផឹកស៊ី នៅបន្ទប់ជួលរបស់ជនសង្ស័យ នៅចំណុចខាងក្រោយវត្តស្ទឹងមានជ័យ ដោយជនរងគ្រោះ និងជនសង្ស័យ មិនដែលធ្លាប់ស្គាល់គ្នានោះទេ គឺស្គាល់តាមរយៈមិត្តភក្តិប៉ូលិសឈ្មោះសំណាង ហៅរតនា តែប៉ុណ្ណោះ ខណៈពេលមកដល់បន្ទប់ជនសង្ស័យ ឈ្មោះសំណាងបានប្រាប់ជនរងគ្រោះថា ឲ្យម៉ូតូស្មាស់វី ពណ៌ខ្មៅមួយគ្រឿង ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1H-2744 និងទូរស័ព្ទមួយគ្រឿង លុយចំនួន១០ដុល្លារ ឲ្យទៅជនសង្ស័យជិះទៅទិញសាច់ក្លែម និងស្រួលទាក់ទងគ្នា តាមទូរស័ព្ទថាពេលទៅដល់កន្លែងលក់សាច់ក្លែម និងតេសួរជនរងគ្រោះ និងលោកប៉ូលិសថា ចង់កុំម្មង់ម្ហូបអី ចាំគេឲ្យចុងភៅខ្ចប់ឲ្យ បន្ទាប់ពីជនរងគ្រោះ បានប្រគល់ម៉ូតូរបស់ខ្លួន និងទូរស័ព្ទ រួមនិងលុយឲ្យជនសង្ស័យរួចហើយ ក៏បាននាំគ្នាអង្គុយចាំសាច់ក្លែម អស់រយៈពេលជាច្រើនម៉ោង ពុំឃើញជនសង្ស័យត្រឡប់មកបន្ទប់ជួលរបស់គេវិញនោះទេ ទូរស័ព្ទតេចូលក៏មិនលើក ទើបជនរងគ្រោះសម្រេចចិត្តទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ហើយជនរងគ្រោះបានព្យាយាមស្វែងរកជនសង្ស័យគ្រប់ទីកន្លែង លុះនៅព្រឹកមិញនេះ ឈ្មោះសំណាង ហៅរតនា ដែលជាមន្ត្រីប៉ូលិស បានតេប្រាប់ជនរងគ្រោះថា ជនសង្ស័យកំពុងតែដេកនៅផ្ទះសំណាក់ភ្នំមាស គ្រាន់តែទទួលបានដំណឹងនេះភ្លាម ជនរងគ្រោះបានសុំឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ ជួយអន្តរាគមន៍ចាប់ឃាត់ជនសង្ស័យ ដឹកយកមកសាកសួរបន្តនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា រូបគេពិតជាបានយកម៉ូតូ និងទូរស័ព្ទដៃមួយគ្រឿង និងលុយចំនួន១០ដុល្លារ ពីជនរងគ្រោះពិតប្រាកដមែន ហើយម៉ូតូរបស់ជនរងគ្រោះ រូបគេបានយកទៅបញ្ចាំចំនួន២០០ដុល្លារ យកទៅលេងល្បែងចាញ់អស់ហើយ។
បច្ចុប្បន្នជនសង្ស័យកំពុងតែឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម



